Meta ប្រឈមមុខនឹងសវនាការធំនៅអាមេរិក ជុំវិញការចោទប្រកាន់ថាមានចេតនារចនា Instagram ឱ្យក្មេង «ញៀន» និងប៉ះពាល់ផ្លូវចិត្ត
21-07-2026 11:46
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms កំពុងប្រឈមមុខនឹងការជំនុំជម្រះក្តីដ៏សំខាន់មួយនៅក្នុងតុលាការរដ្ឋ Tennessee សហរដ្ឋអាមេរិក លើបណ្តឹងចោទប្រកាន់ថា ក្រុមហ៊ុនមានចេតនារចនាបណ្តាញសង្គម Instagram ឱ្យមានលក្ខណៈញៀន ស្របពេលដែលបង្កើតឱ្យមានវិបត្តិសុខភាពផ្លូវចិត្តធ្ងន់ធ្ងរលើស្រទាប់យុវវ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
បណ្តឹងដែលដាក់ដោយអគ្គមេធាវីរដ្ឋ Tennessee លោក Jonathan Skrmetti បានគូសបញ្ជាក់ថា ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) Meta លោក Mark Zuckerberg ត្រូវបានបុគ្គលិកផ្ទៃក្នុងព្រមានជាច្រើនលើកអំពីផលប៉ះពាល់អវិជ្ជមានលើកុមារ។ ទោះជាយ៉ាងណា លោកបានបដិសេធមិនផ្តល់ថវិកាដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងនោះ ហើយថែមទាំងបានលាក់បាំងការស្រាវជ្រាវផ្ទៃក្នុងទៀតផង។ រដ្ឋ Tennessee កំពុងទាមទារឱ្យមានការផាកពិន័យជាប្រាក់ (រហូតដល់ ១,០០០ ដុល្លារក្នុងមួយករណីរំលោភបំពាន) និងទាមទារឱ្យតុលាការបង្គាប់ឱ្យ Meta កែប្រែមុខងារសំខាន់ៗដែលរងការចោទប្រកាន់ថាបង្កគ្រោះថ្នាក់ រួមមាន ការមើលវីដេអូស្វ័យប្រវត្តិ (Autoplay), វីដេអូ Reels, ប្រព័ន្ធជម្រុញការជូនដំណឹង (Notifications) និងមុខងារបាត់រូបភាពតាមពេលកំណត់។
ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Meta បានបញ្ជាក់កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនបានបង្កើតប្រព័ន្ធការពារ និងសុវត្ថិភាពសម្រាប់វ័យជំទង់រួចរាល់ហើយ ដោយលើកឡើងថា៖ «យើងចង់ឱ្យពួកគេប្រើប្រាស់នៅក្នុងលំហដែលមានការការពារ ដែលជាហេតុផលដែលយើងបានចំណាយពេលមួយទសវត្សរ៍ក្នុងការបង្កើតកម្រិតកំណត់លំនាំដើមដែលមានសុវត្ថិភាព និងសមស្របតាមអាយុសម្រាប់វ័យជំទង់ អមដោយឧបករណ៍ងាយស្រួលសម្រាប់អាណាព្យាបាលក្នុងការកំណត់ព្រំដែនត្រឹមត្រូវសម្រាប់គ្រួសាររបស់ពួកគេ»។ Meta ក៏បានតវ៉ាដែរថា ច្បាប់សហព័ន្ធ (Section 230) បានការពារក្រុមហ៊ុនពីកាតព្វកិច្ចទទួលខុសត្រូវលើខ្លឹមសារដែលបង្ហោះដោយភាគីទីបី។
សវនាការរយៈពេល ៧ សប្តាហ៍នេះ គ្រាន់តែជាផ្នែកមួយនៃបណ្តឹងផ្លូវច្បាប់រាប់ពាន់ករណីដែល Meta កំពុងប្រឈមមុខនៅទូទាំងសហរដ្ឋអាមេរិក ពីសំណាក់បណ្តារដ្ឋ បុគ្គល និងមណ្ឌលសិក្សាធិការ។ គួររំលឹកផងដែរថា នេះជាសវនាការកម្រិតរដ្ឋលើកទីពីរហើយ បន្ទាប់ពីរដ្ឋ New Mexico ធ្លាប់បានឈ្នះក្តីប្រឆាំងនឹង Meta កាលពីដើមឆ្នាំនេះ ដោយតុលាការបានបង្គាប់ឱ្យ Meta បង់ប្រាក់សងជំងឺចិត្តចំនួន ៣៧៥ លានដុល្លារ ជុំវិញការភូតភរអ្នកប្រើប្រាស់អំពីសុវត្ថិភាពបណ្តាញសង្គមរបស់ខ្លួន៕












