Google កំពុងសំងំអភិវឌ្ឍឈីបពិសេស «Frozen v2» បង្កប់ Gemini AI ចូលក្នុង Hardware ដោយផ្ទាល់ ដើម្បីបង្កើនប្រសិទ្ធភាពរហូតដល់ ១០ដង

21-07-2026 15:23

(បរទេស)៖ ក្រុមហ៊ុនយក្ស Google កំពុងស្ថិតក្នុងការសាកល្បងអភិវឌ្ឍបន្ទះឈីបម៉ាស៊ីនមេ (Server chip) ស៊េរីថ្មីមួយដែលមានឈ្មោះសម្ងាត់ថា «Frozen v2» ដោយបង្កប់ទម្រង់ស្ថាបត្យកម្មនៃម៉ូដែល Gemini AI ចូលទៅក្នុងផ្នែករឹង (Hardware) ដោយផ្ទាល់។ ការបង្កើតឈីបជំនាន់ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការដំណើរការ AI ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជួយដោះស្រាយវិបត្តិកង្វះខាតសមត្ថភាពគណនា (AI computing capacity crunch) ដែលធ្លាប់បានបង្កភាពតានតឹងផ្ទៃក្នុង និងធ្វើឱ្យ Google Cloud បដិសេធកិច្ចសន្យាជាមួយអតិថិជនខាងក្រៅកាលពីពេលកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមប្រភពពីសារព័ត៌មាន The Information បន្ទះឈីបនៅក្នុងគម្រោង «Frozen» នេះ មិនមែនបង្កើតឡើងដើម្បីមកជំនួសបន្ទះឈីប TPU (Tensor Processing Units) ដើមរបស់ Google នោះឡើយ ប៉ុន្តែវាជាស្រឡាយឈីបពិសេសថ្មីដែលបង្កើតឡើងដើម្បីបំពេញបន្ថែម។ តាមរយៈការរចនាបង្កប់រចនាសម្ព័ន្ធ AI ចូលទៅក្នុងបន្ទះសៀគ្វីដោយផ្ទាល់ ឈីប Frozen v2 ត្រូវ បានគេរំពឹងថានឹងអាចផ្តល់ប្រសិទ្ធភាពដំណើរការ AI ខ្ពស់ជាងឈីប AI បច្ចុប្បន្នរបស់ Google ពី ៦ ទៅ ១០ ដង ផ្អែកលើចំនួន AI tokens ដែលបានដំណើរការក្នុងមួយយូនិតថាមពល។ Google គ្រោងនឹងដាក់ឱ្យប្រើប្រាស់ឈីបនេះយ៉ាងឆាប់នៅឆ្នាំ ២០២៨ ខណៈក្រុមវិស្វករកំពុងស្ថិតក្នុងវគ្គបញ្ចប់នៃការច្នៃម៉ូត។

ទាក់ទិននឹងការច្នៃប្រឌិតបច្ចេកវិទ្យានេះ អ្នកនាំពាក្យរបស់ Google Cloud បានគូសបញ្ជាក់ថា៖ «ក្រុមការងាររបស់យើងកំពុងស្រាវជ្រាវ និងពិសោធន៍ជាបន្តបន្ទាប់ជាមួយនឹងការបង្កើតថ្មីៗ... ដោយសារការសហការបង្កើតទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) របស់យើងចាប់តាំងពីគ្រឹះមក យើងធានាថាប្រព័ន្ធរបស់យើងត្រូវបានធ្វើសមាហរណកម្ម និងបង្កើតឡើងដោយមានប្រសិទ្ធភាពខ្ពស់បំផុត»។

គួរជម្រាបថា ដំណឹងនៃការបង្កើតឈីបថ្មីនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនមេ Alphabet កើនឡើង ៣.៣% ភ្លាមៗនៅក្នុងការជួញដូរដំបូង។ ការផ្លាស់ប្តូរនេះ ក៏បានកើតឡើងចំពេលដែលសារព័ត៌មាន Bloomberg បានរាយការណ៍ថា Google បានសម្រេចចិត្តពន្យារពេលការប្រកាសចេញម៉ូដែល Gemini AI ស៊េរីចុងក្រោយបង្អស់របស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តកែលម្អសមត្ថភាពបន្ថែម ជាពិសេសលើផ្នែកសរសេរកូដ (Coding) ឱ្យកាន់តែល្អប្រណិតជាមុនសិន៕