ក្រុមហ៊ុនដឹកអ្នកដំណើរ «ឡារីតា» ដាក់ឱ្យប្រើប្រាស់ «AI» សម្រាប់កក់សំបុត្រ និងសួរព័ត៌មាន ២៤/៧

21-07-2026 17:11

(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា អ៊ិចប្រេស ឯ.ក (Larryta Express Co., Ltd.) បានប្រកាសដាក់ឱ្យ ដំណើរការជាផ្លូវការនូវសេវាកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) សម្រាប់បម្រើអតិថិជនកាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដែលជាជំហានថ្មីមួយក្នុងការផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួនក្នុងការកក់សំបុត្ររថយន្ត។ សេវាកម្ម AI ថ្មីនេះ អនុញ្ញាតឱ្យអតិថិជនអាច ធ្វើការសាកសួរ (Chat) រាល់ព័ត៌មាន និងធ្វើការកក់សំបុត្រ ២៤/២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ (២៤/៧) តាមរយៈទូរស័ព្ទ (Smart Phone) និង កុំព្យូទ័រ។

ការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យានេះថ្មីនាពេលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ Digital Transformation របស់ឡារីតា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឆ្លើយ តបទៅនឹងតម្រូវការ របស់លោកអ្នកឱ្យត្រូវនឹងសម័យកាលឌីជីថលនាពេលបច្ចុប្បន្ន ក៏ដូចជាការផ្ដល់ឱ្យមានភាព ងាយស្រួលដល់ អតិថិជនគ្រប់ពេលវេលាផងដែរ។ អតិថិជនទាំងអស់ អាច Chat with Larry AI របស់ឡារីតា តាមរយៈវេទិកាឌីជីថល (Link) ដូចខាងក្រោម៖

* ១. Chat with Larry
មាននៅលើ Larryta Bus App និងគេហទំព័រផ្លូវការ https://larrytabus.com/ ដែលអនុញ្ញាតឱ្យអតិថិជន ស្វែងរកព័ត៌មានអំពីការធ្វើដំណើរដូចជា កាលវិភាគចេញដំណើរ តម្លៃសំបុត្រ គោលដៅ ទីតាំងស្ថានីយ គោលការណ៍ក្នុងកាធ្វើដំណើរ ការកក់សំបុត្រ និងព័ត៌មានសេវាកម្មផ្សេងៗ ដោយទទួលបានការឆ្លើយតបភ្លាមៗ ពីប្រព័ន្ធ AI។

* ២. Larryta Bus Chatbot
ដំណើរការលើ Telegram ដែលអនុញ្ញាតឱ្យអតិថិជនអាចជជែក (Chat) សាកសួរព័ត៌មាន និងកក់សំបុត្រដោយខ្លួនឯង ជ្រើសរើសគោលដៅ និងលេខកៅអី ទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ និងទទួលបាន E-Ticket ភ្លាមៗ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យលក់សំបុត្រផ្ទាល់ ទៀតឡើយ។
អតិថិជនអាចប្រើប្រាស់ Larryta Bus Chatbot តាមរយៈ៖ https://t.me/larrytabus_chatbot។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឡារីតា បានបន្តវិនិយោគលើការអភិវឌ្ឍប្រព័ន្ធឌីជីថលជា បន្តបន្ទាប់រួមមាន Mobile Application, Online Booking, Digital Payment និងសេវាបម្រើអតិថិជនតាម ប្រព័ន្ធអនឡាញ។ ការដាក់ឱ្យដំណើរការ AI លើកនេះ បង្ហាញពីការបន្តអភិវឌ្ឍសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តក្នុងការនាំយកបច្ចេកវិទ្យាទំនើប មកលើកកម្ពស់វិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ AI ក្នុងសេវាកម្មដឹកជញ្ជូននាពេលនេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយពេលវេលារង់ចាំ បង្កើនភាពងាយស្រួលក្នុងការទំនាក់ទំនង និងអនុញ្ញាតឱ្យអតិថិជនអាចទទួលបានព័ត៌មាន ឬកក់ សំបុត្របានគ្រប់ពេលវេលា មិនថានៅទីណា ឬនៅពេលណាក៏ដោយ។

លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា បានបញ្ជាក់បន្ថែមថា «ការដាក់ឱ្យប្រើប្រាស់ AI នេះ មិនមែនគ្រាន់តែជាការបន្ថែមបច្ចេកវិទ្យាថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូររបៀបដែលយើងផ្តល់សេវាជូនអតិថិជន។ យើងចង់ឱ្យអ្នកដំណើរអាចទទួលបានព័ត៌មាន និងកក់សំបុត្របានគ្រប់ពេលវេលា ដោយងាយស្រួល រហ័ស និងមានទំនុកចិត្ត។ នេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ឡារីតា ក្នុងការក្លាយជាក្រុមហ៊ុនដឹកជញ្ជូនដែលដឹកនាំដោយបច្ចេកវិទ្យា និងបន្តនាំយកនូវនវានុវត្តន៍ថ្មីៗមកបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។

សម្រាប់អ្នកដែលចង់សាកល្បងបទពិសោធន៍ថ្មីនេះ អាចប្រើប្រាស់នៅលើ Larryta Bus App ឬចូលទៅកាន់គេហទំព័រ https://larrytabus.com/ ឬប្រើនៅលើ Larryta Bus Chatbot ដែលមាននៅលើ Telegram បានគ្រប់ពេលវេលា។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ដឹងព័ត៌មានបន្ថែមអំពីសេវាកម្មថ្មីនេះ លោកអ្នកអាចធ្វើការសាកសួរដោយផ្ទាល់ទៅកាន់ Hotline: +៨៥៥ ១៦ ២០ ២០ ២០៕