កម្ពុជា ជួបសិង្ហបុរី ដណ្ដើមលេខ៣ AFF Women's Cup និងកៅអីលេងពានកម្រិតទី១ ប្រចាំតំបន់ នៅរសៀលនេះ

22-07-2026 09:16

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីសិង្ហបុរី នាវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី២២ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា) ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់កម្រិតទី២ តំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup 2026 នៅកីឡដ្ឋានគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នេះគឺជាការប្រកួតដ៏សំខាន់មួយ ក្រោយខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រៅពីត្រូវការជ័យជម្នះ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ និងក៏ដើម្បីទទួលបានកៅអី១ លេងពាន AFF Women’s Championship 2027 ផងដែរ ដ្បិតមានតែក្រុមឈរលេខ១ លេខ២ និងលេខ៣ នៃពាន AFF Women's Cup នេះប៉ុណ្ណោះ ដែលមានកៅអីលេងពានកម្រិតទី១ ប្រចាំតំបន់នាឆ្នាំក្រោយ។

សូមរំឮកថា ក្រុមបាល់ទាត់នារីកម្ពុជា បានចាញ់ឡាវ ១-០ ខណៈសិង្ហបុរីបានចាញ់ឥណ្ឌូនេស៊ី ២-០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះជំនួបដណ្ដើមពាន AFF Women's Cup 2026 រវាងឥណ្ឌូនេស៊ី និងឡាវ នឹងធ្វើឡើងនាវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃពុធនេះដដែល៕