TSMC គ្រោងដំឡើងថ្លៃផលិតឈីប ១០% ក្នុងឆ្នាំ២០២៧ ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃដើម
22-07-2026 09:21
(បរទេស)៖ ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំបំផុតនៅលើពិភពលោក មានផែនការដំឡើងថ្លៃសេវាផលិតបន្ទះឈីបចន្លោះពី ៥% ទៅ ១០% ចាប់ពីដើមឆ្នាំ២០២៧ ខាងមុខ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃថ្លៃដើមវត្ថុធាតុដើម ឧបករណ៍ផលិតកម្ម និងចំណាយលើការសាងសង់រោងចក្រនៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសារព័ត៌មាន Nikkei Asia ការដំឡើងថ្លៃនេះនឹងប៉ះពាល់ដល់ប្រភេទផលិតផល និងអតិថិជនផ្សេងៗគ្នា ដោយក្នុងនោះ ការផលិតតាមបច្ចេកវិទ្យាចាស់ៗ (Mature nodes) ដូចជា ១២ណាណូម៉ែត្រ, ១៦ណាណូម៉ែត្រ និង ២៨ណាណូម៉ែត្រ នឹងប្រឈមមុខនឹងការដំឡើងថ្លៃខ្ពស់ជាងគេរហូតដល់ ១០%។ កិច្ចចរចារវាង TSMC និងអតិថិជនបានចាប់ផ្តើមកាលពីខែមិថុនា និងបានបញ្ចប់រួចរាល់នៅក្នុងខែកក្កដានេះ។
ទាក់ទិននឹងព័ត៌មាននេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TSMC បានគូសបញ្ជាក់ថា៖ «យុទ្ធសាស្ត្រកំណត់តម្លៃរបស់យើង គឺជាយុទ្ធសាស្ត្រវែងឆ្ងាយ មិនមែនជាការកេងចំណេញឱកាសនោះទេ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន និងលក់តម្លៃពិតប្រាកដរបស់យើងទៅឱ្យពួកគេ»។
គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ នាយកប្រតិបត្តិ (CEO) TSMC លោក C.C. Wei ក៏បានបង្ហើបពីបំណងនៃការដំឡើងថ្លៃនេះផងដែរ ដោយលោកបានបន្ថែមថា ក្រុមហ៊ុននឹងជៀសវាងការដំឡើងថ្លៃភ្លាមៗ ដូចដែលក្រុមហ៊ុនផលិតអង្គចងចាំ (Memory firms) មួយចំនួនធ្លាប់បានធ្វើកន្លងមកនោះឡើយ៕











