កុំភ្លេច! ក្រុមបាល់ទះកម្ពុជា ជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ោង ៧យប់នេះ បើកឆាកពាន SEA V.Cup ជើងទី២
22-07-2026 09:28
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បើកឆាកការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ នាវេលាម៉ោង ៧យប់ថ្ងៃពុធ ទី២២ ខែកក្កដានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នេះគឺជាការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ ដែលអ្នកគាំទ្រក្នុងតំបន់កំពុងចាប់អារម្មណ៍ បន្ទាប់ពីក្រុមបាល់ទះកម្ពុជា បានបង្កើតប្រវត្តិសាស្ដ្រយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីជើងទី១ នៅប្រទេសហ្វីលីពីន ដើម្បីក្លាយជាជើងឯកលើកដំបូង ក្នុងពានរង្វាន់បាល់ទះដ៏ធំប្រចាំតំបន់នេះ។
ជុំវិញយុទ្ធនាការប្រកួតជើងទី២ នេះដែរ សម្រាប់ក្រុមបាល់ទះកម្ពុជា អាចមានទាំងផលចំណេញ និងសម្ពាធខ្លះ។ អ្វីដែលចំណេញ គឺក្រុមកំពុងមានទំនុកចិត្តខ្ពស់ ក្រោយឈ្នះជើងឯក SEA V.Cup ជើងទី១ ក៏ដូចជាការមានប្រៀបផ្នែកចិត្តសាស្ដ្រលើគូប្រជែង ដ្បិតកម្ពុជាបានយកឈ្នះក្រុមខ្លាំងៗរួមតំបន់រួចមកហើយ មិនថាក្រុមថៃ ឬឥណ្ឌូនេស៊ី ដែលអាចជាផលចំណេញសម្រាប់ស្មារតីប្រយុទ្ធ និងឱកាសបង្កើតប្រវត្តិសាស្ដ្រថ្មី ក្នុងដំណើរឆ្ពោះទៅប្រជែងជើងឯក នៅជើងទី២ បន្ដទៀត។
អ្វីដែលអាចជាសម្ពាធ គឺបណ្ដាក្រុមទាំងអស់ដែលធ្លាប់ជួប ពិសេសក្រុមធ្លាប់ចាញ់កម្ពុជា នឹងបង្កើនការខំប្រឹងទ្វេដង ដើម្បីប្រជែងជើងឯក ក៏ដូចជាការចង់ឈ្នះកម្ពុជា ពិសេសឥណ្ឌូនេស៊ី ក្នុងនាមក្រុមខ្លាំងប្រចាំតំបន់ ពួកគេបានរុះរើកីឡាករមួយចំនួន ត្រៀមការប្រកួតជើងទី២។ ម្យ៉ាងក្នុងនាមម្ចាស់ផ្ទះ ច្បាស់ណាស់ ឥណ្ឌូនេស៊ីត្រូវការជ័យជម្នះ ក៏ដូចជាជើងឯក ដើម្បីសាងជំនឿចិត្តអ្នកគាំទ្រខ្លួន ក្រោយការបាត់បង់ឱកាស ក្រោមថ្វីដៃក្រុមបាល់ទះកម្ពុជា នៅប្រទេសហ្វីលីពីន។
បែបនេះក្ដី លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់ក្រុមកម្ពុជា ទោះបីកីឡាករមួយចំនួនមានបញ្ហារបួសខ្លះ តែផ្អែកលើឆន្ទៈ និងការខំប្រឹងដើម្បីជាតិមាតុភូមិ អត្តពលិកគ្រប់រូប នឹងព្យាយាមគ្រប់ការប្រកួត ដើម្បីស្វែងរកលទ្ធផលល្អក្នុងការប្រកួតជើងទី២ នៃពានរង្វាន់ SEA V.Cup 2026 ហើយលោកក៏បានអំពាវនាវដល់អ្នកគាំទ្រ បន្ដចូលរួមផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ទោះបីលទ្ធផលបញ្ចប់ដោយបែបណាក៏ដោយ។
សូមរំឮកថា ក្រោយបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ គ្រងជើងឯក SEA V.Cup ជើងទី១ នៅហ្វីលីពីន ក្រុមជម្រើសជាតិកម្ពុជា នឹងបន្ដបេសកកម្មប្រកួតជើងទី២ ក្រោមរូបមន្ដដូចគ្នា ដើម្បីប្រជែងជើងឯកនៅជើងទី២ ក្នុងព្រឹត្តិការណ៍ដដែល នៅប្រទេសឥណ្ឌូនេស៊ី ដោយកម្ពុជា ស្ថិតក្នុងពូល A ម្តងទៀត ហើយត្រូវប្រកួតបើកឆាកប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី មុនគេ នាថ្ងៃទី២២ ខែកក្កដា មុនជួបហ្វីលីពីននៅថ្ងៃទី២៣ ខែកក្កដា ហើយក្រុមឈរលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងត្រូវឡើងវគ្គបន្ដបន្ទាប់៕









