លោក Taylor ពីមន្រ្តីពន្ធនាគារ មុនក្លាយជាអាជ្ញាកណ្តាលល្បី ប្រកាសព្យួរកញ្ចែនៅលើជញ្ជាំង ក្រោមហេតុផល «សម្ពាធ និងសុវត្ថិភាព»

22-07-2026 10:51

(បរទេស)៖ លោក Anthony Taylor អតីតមន្រ្តីឆ្មាំពន្ធនាគារ មុនវិវត្តន៍ក្លាយជាអាជ្ញាកណ្តាលអង់គ្លេសលេចធ្លោមួយរូបផងនោះ បានប្រកាសពីការចូលនិវត្តន៍ជាផ្លូវការហើយ ក្រោមហេតុផលប៉ះទង្គិចភ្លាមៗ ជាពិសេសកាលពីកាត់ក្តីនៅ World Cup 2026 តែម្តង។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Taylor វ័យ ៤៧ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានរងសម្ពាធក្នុងតួនាទី និងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនទៀតផង នៅក្រោយពេលដឹកនាំការប្រកួតរវាងអេស្ប៉ាញ ដែលបានយកឈ្នះព័រទុយហ្គាល់ ១-០ ចុងម៉ោងនៅ World Cup 2026 រួចមក។

នេះមានន័យថា លោក Taylor បានកាត់ក្តីនៅ Premier League រវាងក្រុម West Ham United និង Leeds United កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ គឺជា ១ប្រកួតចុងក្រោយរបស់លោកក្នុងក្លិបអាជីព និងអេស្ប៉ាញ លេងទល់ព័រទុយហ្គាល់ គឺជា ១ប្រកួតចុងក្រោយរបស់លោកផងដែរ ក្នុងការកាត់ក្តីនៅជម្រើសជាតិកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។

នៅចាំបានថា លោក Taylor ត្រូវបានទទួលស្គាល់ និងបញ្ចូលឈ្មោះទៅក្នុងក្របខណ្ឌ Football League របស់អង់គ្លេសនាអំឡុងរដូវកាល ២០០៦-០៧ មុនពេលត្រូវបានផ្តល់សេចក្តីទុកចិត្តកាត់ក្តីនៅក្របខណ្ឌកំពូល Premier League ចាប់ពីឆ្នាំ២០១០ មក។

ជារួមលោក Anthony Taylor បានដឹកនាំការប្រកួតសរុបមានដល់ទៅ ៨៣១លើក ដោយក្នុងនោះមាន ៦៦៨ប្រកួត ក្នុងលីគអាជីពនៃប្រទេសអង់គ្លេស។ លោកបានថ្លែងយ៉ាងខ្លីថា «ជាធម្មតា ការដឹកនាំប្រកួតធំៗតែងតែរងសម្ពាធខ្លាំង និងបញ្ហាសន្តិសុខផងដែរ ក្រោយចប់ការប្រកួត ជាកត្តាដែលខ្ញុំសម្រេចចិត្តលាឈប់នាពេលនេះ»៕