បុរសអាមេរិកម្នាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាង ៦ឆ្នាំ ពីបទ Hack គណនី Snapchat របស់ស្ត្រីរាប់រយនាក់លួចរូបថតអាក្រាតកាយ
22-07-2026 14:20
(បរទេស)៖ តុលាការសហរដ្ឋអាមេរិកបានប្រកាសផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ Kyle Svara អាយុ ២៧ ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៧៦ ខែ (ជាង ៦ ឆ្នាំ) បន្ទាប់ពីរូបគេបានសារភាពកំហុសពីបទលួចចូល (Hack) គណនី Snapchat របស់ស្ត្រីរាប់រយនាក់ ដើម្បីលួចយករូបថតអាក្រាតកាយ និងពាក់កណ្ដាលអាក្រាតកាយ យកទៅរក្សាទុក លក់ និងដោះដូរនៅលើបណ្តាញអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមព្រះរាជអាជ្ញា ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១ ជនល្មើសរូបនេះបានប្រើប្រាស់លេខទូរស័ព្ទប្រព័ន្ធអ៊ីនធឺណិតលាក់អត្តសញ្ញាណ ដើម្បីផ្ញើសារបោកប្រាស់ (Phishing) ទៅកាន់ស្ត្រីជាង ១,៥០០ នាក់ ដោយបន្លំខ្លួនធ្វើជា «ក្រុមការងារគាំទ្រ» របស់ Snapchat ដើម្បីបោកប្រាស់ទារកូដសុវត្ថិភាព។ ល្បិចនេះបានអនុញ្ញាតឱ្យគេលួចចូលគណនីស្ត្រីយ៉ាងហោចណាស់ ៥១៧ នាក់ និងទាញយករូបភាពអាសអាភាសបានពីស្ត្រីយ៉ាងហោចណាស់ ៥៩ នាក់។
បន្ថែមពីនេះ ការស៊ើបអង្កេតបានឱ្យដឹងទៀតថា ជនល្មើសបានផ្សព្វផ្សាយពាណិជ្ជកម្មសេវាកម្ម Hack របស់ខ្លួនតាមអ៊ីនធឺណិត រហូតមានអតីតគ្រូបង្វឹកកីឡារត់ប្រណាំងឈ្មោះ Steve Waithe ជួលគេក្នុងតម្លៃ ៥០ ដុល្លារ ដើម្បី Hack គណនីកីឡាការិនីជានិស្សិត។ គ្រូបង្វឹក Waithe រូបនេះ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំរួចទៅហើយកាលពីឆ្នាំ ២០២៤ ពីបទបោកប្រាស់ និងលួចរូបថតអាក្រាតកាយពីស្ត្រីយ៉ាងហោចណាស់ ៥៦ នាក់នៅទូទាំងប្រទេស។
គួរជម្រាបថា មេធាវីការពារក្ដីរបស់ Svara បានបញ្ជាក់ក្នុងឯកសារតុលាការថា រូបគេមាន «ការស្ដាយក្រោយ និងអៀនខ្មាសជាខ្លាំងចំពោះទង្វើរបស់ខ្លួន» ដែលបានកើតឡើងក្នុងអំឡុងពេលដែលគេរស់នៅដាច់ដោយឡែក ពេលនៅជានិស្សិតអំឡុងពេលបិទខ្ទប់ (Lockdown) នៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ក្រៅពីបទល្មើសឆបោកតាមកុំព្យូទ័រ និងលួចអត្តសញ្ញាណ អាជ្ញាធរក៏បានរកឃើញរូបភាពអាសអាភាសកុមារនៅក្នុងគណនីអនឡាញរបស់គេផងដែរ៕












