គុនខ្មែរបោះជំហានកាន់តែខ្លាំងលើឆាកអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភសរុប ៤៦លានរៀល លើកទឹកចិត្តកីឡាករ-កីឡាការិនី ក្រោយដណ្តើមបានជ័យជម្នះពីប្រទេសអូស្ត្រាលី

22-07-2026 14:45

(ភ្នំពេញ)៖ ក្រោយបញ្ចប់បេសសកម្មប្រកួតក្នុងព្រឹត្តិការណ៍ «CAMBODIA KUN KHMER BEST OF THE BEST» នៅទីក្រុងស៊ីដនី កីឡាករ-កីឡាការិនីគុនខ្មៃរទាំង ៦ រូប បានវិលត្រឡប់មកមាតុភូមិកំណើតវិញប្រកបដោយសុវត្ថិភាព ថែមទាំងបាននាំយកជ័យជំនះពីឆាកអន្តរជាតិទៀតផង។

បើទោះបីជាមានលក្ខខណ្ឌប្រែប្រួលភ្លាមៗ អំឡុងពេលប្រកួតយ៉ាងណាក្តី​ ប៉ុន្តែសង្វៀនលើកនេះ កាន់តែបង្ហាញពីគុណភាពកីឡាករខ្មែរជំនាន់ក្រោយ ដែលអាចការពារខ្សែក្រវាត់ជើងឯករបស់ខ្លួនត្រឡប់មកវិញ។ ក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខ ក្នុងដំណើរទៅប្រកួតទាំងមូល CAMBODIA PREMIUM 4.4 របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកប្រាក់សរុប ៤៦ លានរៀល ឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំង ៦ រូប, លោកគ្រូបង្វឹកទាំង ២ រូប, ព្រមទាំងពិធីករមួយរូប។

ក្នុងនោះ ពេជ្រ សម្បត្តិ និង ពេជ្រ អាទិទេព ដែលបានផ្តួលគូប្រកួតឱ្យសន្លប់ទទួលបានថវិកា ម្នាក់ ១០លានរៀល ខណៈដែល បឺត សង្ឃឹម និង ទូច ចាន់វត្តី ដែលការពារខ្សែក្រវាត់បានដោយជោគជ័យ ទទួលបានថវិកា ម្នាក់ ៨លានរៀល។ រីឯកីឡាករចំនួន ២ រូបទៀត ដែលមិនទទួលបានជោគជ័យ ឬដោយសារលក្ខខណ្ឌផ្លាស់ប្តូរ រួមទាំងលោកគ្រូបង្វឹក ២រូប និងពិធីករ ១រូប ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល ក្នុងម្នាក់ផងដែរ។

ការប្រគល់ថវិកាលើកទឹកចិត្តនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CAMBODIA PREMIUM 4.4 ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ និងលើកកម្ពស់គុនខ្មែរឱ្យកាន់តែ មានការទទួលស្គាល់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ ចំពោះថវិកានេះ គឺជាការគោរពដល់ការខិតខំប្រឹងប្រែង ការលះបង់ និងស្មារតីតំណាងជាតិរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានរួមចំណែកផ្សព្វផ្សាយប្រដាល់គុនខ្មែរ ដែលជាមរតក អត្តសញ្ញាណជាតិ និងនាំយកកិត្តិយសជូនប្រទេសកម្ពុជាពីឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជោគជ័យនៃការប្រកួតលើកទី១ ក្នុងព្រឹត្តិការណ៍ CAMBODIA KUN KHMER IN AUSTRALIA នឹងបន្តរៀបចំការប្រកួតលើកទី២ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុននេះ នាទីក្រុងមែលប៊ើន ប្រទេសអូស្ត្រាលី ដោយមានវត្តមានកីឡាករ-កីឡាការិនីគុនខ្មែរឆ្នើមចំនួន ៦រូប រួមមានពេជ្រ សម្បត្តិ, ឈឿន ល្វៃ, ឈុត សេរីវ៉ាន់ថង, ទូច ដេវីត, ហាន់ ពី និង ធន់ ម៉េងហុង។

CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក!៕