ក្រុម Hacker «Anubis» វាយប្រហារលើក្រុមហ៊ុនបុត្រសម្ព័ន្ធ Coca-Cola លួចទិន្នន័យ ១ Terabyte ជម្រិតទារប្រាក់

22-07-2026 14:58

(បរទេស)៖ ក្រុមឧក្រិដ្ឋជនសាយប័រឈ្មោះ Anubis បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើក្រុមហ៊ុន fairlife ដែលជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោ និងភេសជ្ជៈប្រូតេអ៊ីនចំណុះឱ្យ Coca-Cola។ ក្រុម Hacker នេះបានអះអាងនៅលើគេហទំព័រ Dark Web ថា ខ្លួនបានលួចទិន្នន័យទំហំ ១ Terabyte (១ តេរ៉ាបៃ) ព្រមទាំងបានគំរាមកំហែងទម្លាយទិន្នន័យទាំងនោះជាសាធារណៈ ប្រសិនបើក្រុមហ៊ុនមិនព្រមបង់ប្រាក់ជំរិតតាមការទាមទារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ការវាយប្រហារនេះបានបង្ខំឱ្យក្រុមហ៊ុន Coca-Cola ផ្អាកចង្វាក់ផលិតកម្មនៅតាមរោងចក្ររបស់ fairlife ដែលមានមូលដ្ឋាននៅទីក្រុងស៊ីកាហ្គោ សហរដ្ឋអាមេរិកជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន។ យ៉ាងណាមិញ ខាងភាគី Coca-Cola និងក្រុម Hacker មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញព័ត៌មានលម្អិតនៃចំនួនប្រាក់ជំរិត ឬស្ថានភាពទិន្នន័យនៅឡើយទេ។

គួរជម្រាបថា ក្រុម Anubis ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ឧក្រិដ្ឋជន​សាយប័រដែល​បង្ក​ការ​រំខាន​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ល្បិចកល​ធ្វើឱ្យ​បណ្តាញ​ប្រព័ន្ធ​របស់ជនរងគ្រោះ​លែង​ដំណើរការ រហូត​ទាល់តែ​មាន​ការបង់ប្រាក់ជំរិត។ យោងតាមការវិភាគរបស់ក្រុមហ៊ុនសន្តិសុខសាយប័រ Trend Micro ក្រុមនេះមានភាពគ្រោះថ្នាក់ខ្លាំង ដោយសារតែពួកគេប្រើប្រាស់ «កម្មវិធីលុបទិន្នន័យ» (File wiping software) ដែលអាចបំផ្លាញទិន្នន័យចោលទាំងស្រុង ប្រសិនបើជនរងគ្រោះមិនព្រមធ្វើតាមការទាមទាររបស់ពួកគេ៕