ក្រុមហ៊ុនតៃវ៉ាន់ Wistron បើករោងចក្រ ៧០០លានដុល្លារនៅអាមេរិក ផលិតបន្ទះឈីប AI កំពូលឱ្យ Nvidia

22-07-2026 15:46

(បរទេស)៖ ក្រុមហ៊ុន Wistron របស់តៃវ៉ាន់ ដែលជាដៃគូផ្គត់ផ្គង់សំខាន់របស់ Nvidia បានប្រកាសបើកដំណើរការរោងចក្រផលិតផលតម្លៃ ៧០០ លានដុល្លារអាមេរិក នៅក្នុងទីក្រុង Fort Worth រដ្ឋ Texas សហរដ្ឋអាមេរិក។ ការវិនិយោគនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកសង្វាក់ផលិតកម្មប្រព័ន្ធបច្ចេកវិទ្យា AI នៅក្នុងទឹកដីអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងយ៉ាងកំហុកនៃហេដ្ឋារចនាសម្ព័ន្ធ AI លើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

រោងចក្រថ្មីនេះ គឺជាទីតាំងដំបូងគេបង្អស់ក្នុងសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមផលិតបន្ទះឈីប GB300 Grace Blackwell Ultra Superchip ក្នុងទ្រង់ទ្រាយធំ។ លោក Jensen Huang នាយកប្រតិបត្តិ (CEO) របស់ Nvidia បានបញ្ជាក់ថា ប្រព័ន្ធ AI មួយនេះជា «supercomputer AI ដ៏មានថាមពលបំផុតនៅលើពិភពលោក»។ បន្ថែមពីនេះ រោងចក្រដដែលក៏ត្រៀមផលិតបន្ទះឈីបជំនាន់ក្រោយឈ្មោះ Vera Rubin Superchip ផងដែរ។

យោងតាមការបញ្ជាក់ពី Nvidia រោងចក្រនេះគ្រោងនឹងបង្កើនសមត្ថភាពផលិតឱ្យបានរាប់ម៉ឺនផ្ទាំងសៀគ្វីគណនា (Computing boards) ក្នុងមួយខែៗ ព្រមទាំងបានបង្កើតការងារជាង ៥០០ កន្លែងរួចរាល់ហើយ ដោយរំពឹងថានឹងកើនដល់ ១,០០០ កន្លែងនៅចុងឆ្នាំនេះ។ ការបើករោងចក្រនេះ ក៏ជាផ្នែកមួយនៃកញ្ចប់វិនិយោគទ្រង់ទ្រាយធំតម្លៃ ៥០០ ពាន់លានដុល្លារនៅអាមេរិក ដែល Nvidia បានប្រកាសកាលពីឆ្នាំ២០២៥ កន្លងទៅ៕