NOCC បន្ដចាប់ដៃជាមួយវិស័យឯកជន គាំទ្រអត្តពលិកជាតិ ឆ្ពោះទៅអូឡាំពិក ឆ្នាំ២០២៨ នៅអាមេរិក

22-07-2026 16:16

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្ដចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីកៀរគរថវិកាជួយជ្រោមជ្រែងដល់អត្តពលិកជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាអូឡាំពិក (LA28) នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាឆ្នាំ២០២៨ ខាងមុខ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនវឌ្ឍនៈ នៅថ្ងៃទី២២ ខែកក្កដាថា នេះជាផ្នែកមួយ នៃយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការគៀរគរប្រភពធនធានពីវិស័យឯកជន និងដៃគូអន្ដរជាតិ សម្រាប់គាំទ្រអត្តពលិកជាតិ ដើម្បីធានាការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ត្រៀមចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ LA28។

យុទ្ធនាការនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំមុន ក្រោមយុទ្ធសាស្ដ្រជាជំហានៗ ដែល NOCC បានធ្វើការជាមួយសហព័ន្ធកីឡាជាតិសក្ដានុពលប្រមាណ ១០ ក្នុងការរៀបចំផែនការ និងកម្មវិធីពិសេស លើសពីការហ្វឹកហាត់ តែត្រូវជំរុញឲ្យមានការប្រកួតឲ្យបានច្រើន ដើម្បីពង្រឹងបទពិសោធន៍ និងសមត្ថភាពមុតស្រួច ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចនូវក្ដីសុបិនរបស់ជាតិទាំងមូល គឺការស្វែងមេដាយអូឡាំពិកជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ។

អាស្រ័យហេតុនេះ ត្រូវមានការរៀបចំជួយដល់អត្តពលិកជាតិ ហើយត្រូវធានឲ្យមាននូវអភិបាលកិច្ចល្អ តម្លាភាព និងការជួយពិតប្រាកដដល់ពួកគេ ដែលកំពុងត្រូវការគាំទ្រចាំបាច់ ពិសេសសម្ភារៈហ្វឹកហាត់ ប្រកបដោយគុណភាព និងស្ដង់ដារខ្ពស់ សម្រាប់បម្រើដល់ការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពប្រចាំថ្ងៃ។ ដើម្បីសម្រេចមហិច្ឆតាដ៏ធំនេះ លោកថា ក៏មិនអាចពឹងផ្អែកលើថវិការដ្ឋទាំងស្រុងដែរ តែត្រូវមានការចូលរួមពីគ្រប់ផ្នែក រួមទាំងវិស័យឯកជនទៀតផង។

លោក វ៉ាត់ ចំរើន បន្ដទៀតថា រាប់រយពាន់ឆ្នាំមកហើយ ការដណ្ដើមមេដាយអូឡាំពិក នៅតែជាសុបិនរបស់កម្ពុជា ។ ដូច្នេះសម្រេចគោលដៅនេះ លោកបានអំពាវនាវដល់ស្ថាប័នរដ្ឋ និងឯកជន ពិសេសអត្តពលិកផ្ទាល់ ត្រូវហ៊ានមានក្ដីស្រមៃ ហើយខំប្រឹងទ្វេដង ហើយវិស័យឯកជន និងប្រជាពលរដ្ឋ នឹងពួតដៃគ្នាចូលរួមឧបត្ថម្ភគាំទ្រគ្រប់រូបភាព ដើម្បីជំរុញ និងលើកទឹកចិត្តដល់អត្តពលិកជាតិ ឆ្ពោះទៅប្រជែងមេដាយអូឡាំពិក ដែលជាមោទនភាពជាតិទាំងមូល។

សូមបញ្ជាក់ថា គម្រោងជួយក្រុមអត្តពលិកកម្ពុជា ឆ្ពោះទៅអូឡាំពិក ឆ្នាំ២០២៨ ត្រូវបានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើប្រភេទកីឡា ដែលមានសក្តានុពល និងឱកាសប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ ហើយគោលដៅចម្បងរបស់ NOCC គឺការសម្រួចសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិកកម្ពុជា ឲ្យមានលទ្ធភាពពេញលេញក្នុងការដណ្តើមយកមេដាយអូឡាំពិកជាលើកដំបូងជូនជាតិ៕