ក្រុមហ៊ុន វឌ្ឍនៈ រួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក ក្នុងស្មារតីខ្មែរតែមួយ ដើម្បីឆ្ពោះទៅដណ្តើមមេដាយអូឡាំពិកនៅរដ្ឋ Los Angeles ឆ្នាំ២០២៨
22-07-2026 17:55
(ភ្នំពេញ)៖ កន្លងមកប្រទេសកម្ពុជាមិនធ្លាប់ទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ សម្រាប់ឆ្នាំ២០២៨ ខាងមុខនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់អត្តពលិកកម្ពុជាក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិ។ នេះហើយគឺជាឆន្ទៈ និងទិសដៅដ៏សំខាន់ក្នុងការត្រៀមលក្ខណៈរួចរាល់របស់អត្តពលិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងដៃគូចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។
ក្នុងស្មារតីខ្មែរតែមួយ ទិសដៅតែមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដ៏សំខាន់មួយជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ ពិធីដ៏មានតម្លៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ព្រមទាំងមានការចូលរួមពីក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ និងមានមន្ត្រីកីឡា គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិផងដែរ។
ការត្រៀមលក្ខណៈ និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅការប្រកួតលក្ខណៈអន្តរជាតិក្នុងឆ្នាំ២០២៨ ខាងមុខនេះលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំផែនការយ៉ាងម៉ត់ចត់ក្នុងការ
បណ្តុះបណ្តាលអត្តពលិក និងគ្រូបង្វឹកលើ១០ ប្រភេទកីឡាសក្តានុពលរួមមាន កីឡាតេក្វាន់ដូ កីឡាចំបាប់ កីឡាប្រដាល់ កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាឡើងភ្នំ ព្រមទាំងប្រភេទកីឡាសក្តានុពលរបស់កម្ពុជាផ្សេងៗទៀត។
ឆ្លើយតបតាមយន្តការគាំទ្រ និងចូលរួមលើកស្ទួយដល់កីឡាជាតិសម្រាប់ព្រឹត្តិការណ៍នេះ ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតគំនិតផ្តួចផ្តើមដ៏ពិសេសមួយ គឺការដកថវិកាមួយផ្នែកពីការលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ទៅចូលរួមជាមូលនិធិឧបត្ថម្ភផ្គត់ផ្គង់សម្រាប់ការបណ្តុះបណ្តាលហ្វឹកហាត់បង្កើនសមត្ថភាពដល់អត្តពលិក និងគ្រូបង្វឹក ដើម្បីត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយអូឡាំពិកលើកដំបូង និងនាំមកនូវមោទនភាពជូនជាតិមាតុភូមិសម្រាប់ព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ។
ក្រុមហ៊ុន វឌ្ឍនៈ មានឆន្ទៈយ៉ាងមោះមុត និងមានវត្តមានយ៉ាងសកម្មក្នុងវិស័យកីឡានៅប្រទេសកម្ពុជា ដោយតែងតែឈរនៅពីក្រោយយ៉ាងរឹងមាំ និងជាដៃគូសហការឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិផ្សេងៗក្នុងការរៀបចំចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិជាច្រើនប្រភេទ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាឲ្យរីកចម្រើនលើថ្នាក់ជាតិ និងអន្តរជាតិផងដែរ៕





