កីឡារាំ បញ្ជូនកីឡាករ-កីឡាការិនី ១៨រូប ចូលរួមការប្រកួតជើងឯកអាស៊ី និងអាស៊ាន នៅម៉ាឡេស៊ី
22-07-2026 20:19
(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៨រូប ចូលរួមការប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៣-២៦ ខែកក្កដាខាងមុខ។
ក្នុងឱកាសជូនដំណើរប្រតិភូ និងអត្តពលិកកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធបានចាត់ទុកនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីផ្ដល់បទពិសោធដល់កីឡាករ-កីឡាការិនីកម្រិតថ្នាល ក៏ដូចជាក្រុមធំ ក្នុងការប្រជែងមេដាយបន្ថែមទៀតជូនជាតិមាតុភូមិ។
ក្នុងនាមថ្នាក់ដឹកនាំៃហព័ន្ធ លោកស្រីជឿជាក់ថា កីឡាករ-កីឡាការិនីទាំងអស់ នឹងអាចប្រជែងបានមេដាយដោយជោគជ័យ ក្រោយការខំប្រឹងហ្វឹកហាត់កន្លងមក ជាពិសេសក្រុមយុវជនថ្នាលក៏អាចដណ្ដើមបាន ព្រោះសុទ្ធតែជាអ្នកមានសមត្ថភាពល្អ ហើយក៏ជាពេលវេលាដ៏ល្អសម្រាប់យុវជនកម្ពុជាឆ្ពោះទៅកាន់ការប្រកួតកម្រិតពិភពលោកនាពេលខាងមុខផងដែរ។
ទាំងកម្រិតថ្នាល និងក្រុមធំបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិមរកតេជោ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡារាំជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកក្កដា។
អ្នកស្រី ហង់ ស៉ីមន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា បេសកកម្មនេះ សហព័ន្ធមានបញ្ជូនទាំងកម្រិតថ្នាល និងក្រុមធំ ហើយក្រៅតែពីវិញ្ញាសាជាគូ កម្ពុជាក៏នឹងប្រកួតវិញ្ញាសាឯកត្តជននារី ឬ Female Solo។ អ្នកស្រីថា នេះជាព្រឹត្តិការណ៍អន្តរជាតិដំបូងសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៦។
ជុំវិញការអាក់ខានការប្រកួតលក្ខណៈអន្តរជាតិរយៈពេលវែង អ្នកស្រីអះអាងថា មិនចោទជាបញ្ហាឡើយ ព្រោះកីឡាករ-កីឡាការិនីទាំងអស់ នៅតែបន្តការហ្វឹកហាត់យ៉ាងជាប់លាប់រៀងរាល់ថ្ងៃ មិនថា ថ្ងៃឈប់សម្រាក ដើម្បីបង្កើនគុណផលកាន់ខ្លាំងថែមទៀត។ បែបនេះក្ដី អ្នកស្រីក៏បានបង្ហើបពីប្រទេស ជាឧបសគ្គសម្រាប់កម្ពុជា ដូចជាហ្វីលីពីន និងវៀតណាមជាដើម តែយ៉ាងណាប្រតិភូ និងអត្តពលិកទាំងអស់ ប្ដេជ្ញាខំប្រឹងអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយជូនជាតិ៕






