ក្រុមនារីកម្ពុជា បញ្ចប់ការប្រកួត AFF Women's Cup ត្រឹមលេខ៤ ក្រោយចាញ់សិង្ហបុរី ដោយបាល់ប៉េណាល់ទី
22-07-2026 20:23
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup 2026 ហើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយបរាជ័យទល់នឹងក្រុមជម្រើសជាតិនារីសិង្ហបុរី ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីប្រកួតស្មើគ្នា ១-១ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅល្ងាចថ្ងៃពុធនេះនៅប្រទេសម៉ាឡេស៊ី។
មិនខុសកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិនារីកម្ពុជា បានគ្រប់គ្រងលើការប្រកួត តែមិនអាចទម្លាយរបាំងការពារគូប្រជែងបាន ផ្ទុយទៅវិញត្រូវបានក្រុមបាល់ទាត់នារីសិង្ហបុរី រកបានគ្រាប់នាំមុខ ១គ្រាប់មុន ដោយកីឡាការិនី Danelle នៅនាទី២៤ ហើយកម្ពុជាបានរងចាំដល់នាទី៧៤ ទើបមានឱកាសរកគ្រាប់តាមស្មើ ដោយកាត់ទាត់បាល់ពិន័យរបស់កីឡាការិនី សឿន វិផា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ៩០នាទី មុនឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី សិង្ហបុរី បានយកឈ្នះកម្ពុជា ៤-៣ ដើម្បីទទួលបានចំណាត់ថ្នាក់េលខ៣ តែម្ដង។
ជាមួយលទ្ធផលនេះ ក្រុមបាល់ទាត់នារីកម្ពុជា មិនត្រឹមខកបំណងឡើងវគ្គផ្ដាច់ព្រ័ត្រនោះទេ សូម្បីកៅអីលេងពានរង្វាន់ AFF Women’s Championship នាឆ្នាំ២០២៧ ខាងមុខ ក៏ត្រូវរបូត ដ្បិតមានតែបេក្ខភាព ៣ក្រុមប៉ុណ្ណោះ ពោលគឺក្រុមលេខ១ លេខ២ និងលេខ៣ ក្នុងពានរង្វាន់ AFF Women's Cup ដែលមានសិទ្ធិចូលរួមការប្រកួតពានរង្វាន់កម្រិតទី១ ប្រចាំតំបន់នេះ ផ្ទុយកាលពីរដូវកាលមុន ដែលកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ៕





