SEA V.Cup៖ ក្រុមបាល់ទះកម្ពុជា នៅតែមានឱកាសដណ្ដើមជើងឯក ទោះបីចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី

23-07-2026 09:11

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយលទ្ធផលមិនសូវគាប់ប្រសើរឡើយ ក្រោយចាញ់ម្ចាស់ផ្ទះ ៣-០សិត ក្នុងជំនួបបើកឆាកពូល A កាលពីយប់មិញ។

ទោះជាបែបនេះក្ដី កម្ពុជានៅតែមានឱកាសឡើងវគ្គបន្ដ ក៏ដូចជាការប្រជែងជើងឯកផងដែរ ដ្បិតនៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមជម្រើសជាតិហ្វីលីពីន នាវេលាម៉ោង ៧យប់ថ្ងៃទី២៣ ខែកក្កដានេះ។

មិនខុសកាលពីជើងទី១ ឡើយ ក្រុមបាល់ទះកម្ពុជា ក៏រងបរាជ័យទល់ក្រុមខ្លាំងឥណ្ឌូនេស៊ី ក្នុងពូលដែរ តែដោយសារការយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ៣-២សិត នាំឲ្យកម្ពុជា មានឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាជើងឯក នៅជើងទី១ ទៀតផង បន្ទាប់ពីយកឈ្នះក្រុមឥណ្ឌូនេស៊ី ៣-២សិតវិញ។ ការណ៍នេះ កម្ពុជានៅតែបន្ដរក្សាបាននូវឱកាសប្រជែងជើងឯក តែត្រូវឆ្លងកាត់យ៉ាងហោច ៣ដំណាក់ ពិសេសការត្រូវការជ័យជម្នះចាំបាច់ ក្នុងជំនួបទល់ក្រុមហ្វីលីពីន នាយប់នេះ។

គួរដឹងថា ការប្រកួតជើងទី២ ក្នុងពានរង្វាន់ SEA V.Cup 2026 ដែលឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ គឺរក្សារូបមន្ដប្រកួតដដែល ដោយមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ហើយធ្វើការប្រកួតវិលជុំ ស្វែងរកក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងវគ្គបន្ដ។ កាលពីជើងទី១ គឺក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានគ្រងជើងឯក ក្រោយឆ្លងផុតវគ្គចែកពូល បានបំបាក់ក្រុមថៃ ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ៕