ក្រុមហ៊ុន Nvidia ឧបត្ថម្ភកំពូលកុំព្យូទ័រ AI ដ៏ទំនើបទៅឱ្យសាកលវិទ្យាល័យយោធាអាមេរិក

23-07-2026 09:44

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានប្រកាសឧបត្ថម្ភកំពូលកុំព្យូទ័រ (Supercomputer) បំពាក់ដោយបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ទៅឱ្យមូលនិធិនៃសាលាឧត្ដមសិក្សានាវាជើងទឹកអាមេរិក (Naval Postgraduate School - NPS) ដែលជាគ្រឹះស្ថានសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក។

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានអញ្ជើញទៅកាន់ទីតាំងសាលា NPS ផ្ទាល់ ស្ថិតក្នុងក្រុង Monterey រដ្ឋ California កាលពីថ្ងៃទី ២២ ខែកក្កដា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធកំពូលកុំព្យូទ័រ NVIDIA DGX GB300 នេះ។ ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថា ជាជំហានដំបូងបង្អស់ដែលឧបករណ៍បម្រើឱ្យប្រព័ន្ធ AI ដ៏ទំនើប និងមានថាមពលខ្លាំងក្លារបស់ Nvidia ត្រូវបានដាក់ប្រគល់ឱ្យប្រើប្រាស់ដោយផ្ទាល់នៅក្នុងស្ថាប័នអប់រំយោធារបស់សហរដ្ឋអាមេរិក។ កំពូលកុំព្យូទ័រ DGX GB300 នេះដំណើរការដោយការរួមបញ្ចូលគ្នារវាងបន្ទះដំណើរការកណ្តាល (CPU) ប្រភេទ Nvidia Grace ចំនួន ៣៦គ្រាប់ និងបន្ទះដំណើរការក្រាហ្វិក (GPU) ជំនាន់ Blackwell Ultra ចំនួន ៧២ គ្រាប់ ដែលអនុញ្ញាតឱ្យវាទាញយកទិន្នន័យ និងគណនាស្មុគស្មាញក្នុងល្បឿនលឿនបំផុត។

វាមិនមែនត្រឹមតែជាមជ្ឈមណ្ឌលទិន្នន័យ (Data Center) ធម្មតានោះទេ ប៉ុន្តែជាប្រព័ន្ធ Software និងកុំព្យូទ័រពេញលេញមួយដែលរួមបញ្ចូលសមត្ថភាពគណនា ការរក្សាទុកទិន្នន័យ និងបណ្តាញទំនាក់ទំនងទិន្នន័យក្នុងពេលតែមួយ។ កំពូលកុំព្យូទ័រនេះនឹងបម្រើផលប្រយោជន៍ដល់និស្សិតជាង ១,៥០០ នាក់ និងសាស្ត្រាចារ្យប្រមាណ ៦០០ នាក់នៅសាលា NPS ក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវលើវិស័យសំខាន់ៗជាច្រើនរួមមាន ការទស្សន៍ទាយអាកាសធាតុ និងការស្រាវជ្រាវបាតសមុទ្រ ,សុវត្ថិភាពបណ្តាញអ៊ីនធឺណិត (Cybersecurity) ,ការរៀបចំផែនការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការកសាងភាពធន់ ,ការពិសោធន៍លើប្រព័ន្ធស្វ័យប្រវត្តិ និងប្រតិបត្តិការយោធា។

នៅក្នុងពិធីសម្ពោធ លោក Jensen Huang បានគូសបញ្ជាក់ថា៖ «ប្រទេសជាតិរបស់យើងពឹងផ្អែកលើកងកម្លាំងបុរស និងស្ត្រីដែលកំពុងឈរជើងនៅសមរភូមិមុខ។ គ្មានអ្វីដែលមានតម្លៃជាងព័ត៌មាន និងចំណេះដឹងដែលទទួលបានទាន់ពេលវេលានោះឡើយ។ ការប្រគល់បច្ចេកវិទ្យានេះជូនពួកគាត់ គឺជាការផ្តល់ប្រៀបឈ្នះដ៏សំខាន់សម្រាប់កងទ័ពអាមេរិក»។

ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវ (CRADA) រវាងក្រុមហ៊ុន Nvidia និងសាលាយោធា NPS ដើម្បីជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ និងការអប់រំបច្ចេកវិទ្យាយោធានាពេលអនាគត៕