Elon Musk បើកផ្លូវឱ្យ Tesla និង SpaceX រួមបញ្ចូលគ្នា ដើមី្បពង្រឹងបច្ចេកវិទ្យា AI និងរ៉ូបូត

23-07-2026 11:09

(បរទេស)៖ លោក Elon Musk នាយកប្រតិបត្តិ​ (CEO) ក្រុមហ៊ុន Tesla មិនបានបដិសេធចោលនូវលទ្ធភាពនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX នោះទេ ដោយលោកបានចង្អុលបង្ហាញពីកិច្ចសហប្រតិបត្តិការ និងចំណុចប្រកៀកប្រកិតគ្នាកាន់តែច្រើនឡើងរវាងក្រុមហ៊ុនទាំងពីរ។ ការប្រកាសនេះបានធ្វើឱ្យអ្នកវិនិយោគិន និងអ្នកវិភាគកាន់តែមានជំនឿចិត្តថា ក្រុមហ៊ុនយក្សទាំងពីរសរុបតម្លៃរាប់ពាន់លានដុល្លារនេះ អាចនឹងបូកបញ្ជូលគ្នានៅពេលខាងមុខ បើទោះបីជាត្រូវឆ្លងកាត់នីតិវិធីផ្លូវច្បាប់ស្មុគស្មាញយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

បច្ចុប្បន្ន ក្រុមហ៊ុនទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរួចទៅហើយ ដោយ Tesla បានផ្គត់ផ្គង់អាគុយ និងបច្ចេកវិទ្យាផលិតកម្មឱ្យ SpaceX ហើយថែមទាំងកំពុងរួមគ្នាបង្កើតរោងចក្រ Terafab ដើម្បីផលិតបន្ទះឈីប AI ទៀតផង។ លោក Gene Munster អ្នកវិនិយោគិននៅក្រុមហ៊ុន Deepwater Asset Management បានលើកឡើងថា៖ «ខ្ញុំសូមដាក់ប្រូបាប៊ីលីតេ (ឱកាស) ដែលក្រុមហ៊ុនទាំងពីរនេះនឹងរួមបញ្ចូលគ្នាគឺ ៩០% នៅថ្ងៃនេះ»។ លើសពីនេះ អ្នកវិភាគនៅ Stifel ក៏បានកត់សម្គាល់ដែរថា «សម្រាប់ពួកគេ សំណួរមិនមែននៅលើថា តើនឹងកើតឡើងឬអត់នោះទេ គឺនៅលើថា តើពេលណា»

គួរជម្រាបថា ការរួមបញ្ចូលគ្នានេះ ត្រូវបានគេមើលឃើញថាអាចសម្រួលដល់ការគ្រប់គ្រងអាណាចក្រអាជីវកម្មរបស់លោក Musk ឱ្យកាន់តែមានប្រសិទ្ធភាព ដោយគ្របដណ្តប់លើវិស័យ AI រ៉ូបូត ថាមពល និងអវកាស។ លោកស្រី Gwynne Shotwell ប្រធានក្រុមហ៊ុន SpaceX ធ្លាប់បានប្រាប់ CNBC ថា ការបត់បែនក្រុមហ៊ុនបញ្ចូលគ្នា «អាចនឹងធ្វើឱ្យជីវិតរបស់ Elon ងាយស្រួលជាងមុនបន្តិច»។ យ៉ាងណាមិញ ប្រតិបត្តិការនេះអាចនឹងប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ ជាពិសេសការអនុម័តពីស្ថាប័នប្បញ្ញត្តិកម្មនៅក្នុងប្រទេសចិន ដោយសារក្តីបារម្ភលើសន្តិសុខជាតិជុំវិញទំនាក់ទំនងរវាង SpaceX និងយោធាអាមេរិក៕