ធនាគារ «ហត្ថា» ប្តេជ្ញាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពសង្គម តាមរយៈការចូលរួមគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស
23-07-2026 11:36
(កំពង់ធំ)៖ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈគ្រប់គ្រងនៃធនាគារ ហត្ថា មានកិត្តិយសបានចូលរួមអមដំណើរ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី និងកម្មវិធីដាំកូនឈើនៅស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុកសន្ទុក លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៣៥០នាក់។
ក្នុងឱកាសដ៏ពិសេសនេះគណៈប្រតិភូបានអញ្ជើញចូលរួម ក្នុងសកម្មភាពសំខាន់ៗ រួមមាន៖
១. កម្មវិធីដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថានបៃតង បង្កើតបរិយាកាសសិក្សាដែលមានភាពស្រស់ស្រាយ និងប្រកបដោយផាសុកភាព។
២. ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នៅសាលាបឋមសិក្សាចំបក់ខាងត្បូង ស្រុកសន្ទុក ខេត្តកំពង់ធំ។
៣. ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នៅសាលាបឋមសិក្សាតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។
ធនាគារ ហត្ថា បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពសង្គម តាមរយៈការចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សា ប្រកបដោយផាសុកភាពដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាពនាពេលអនាគត៕















