«KNN Group» ត្រៀមសាងសង់រោងចក្រតម្លើងរថយន្តទំនើ​ប នៅខេត្តកណ្តាល ក្រោមទុនវិនិយោគ ២៨លានដុល្លារ

23-07-2026 13:17

(ភ្នំពេញ)៖ ដំណើរថ្មីនៃការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា កំពុងឈានចូលដំណាក់កាលសំខាន់មួយទៀត ខណៈ KNN Group ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការរថយន្ត JETOUR នៅកម្ពុជា បានប្រកាសពីការត្រៀមរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្ត JETOUR ដ៏ទំនើប ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងដ៏មានសក្តានុពលនេះ មានទុនវិនិយោគសរុបចំនួន ២៨ លានដុល្លារអាមេរិក និងនឹងសាងសង់លើផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាតំបន់មានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ការបង្កើតរោងចក្រតម្លើងរថយន្ត JETOUR នៅកម្ពុជា មិនត្រឹមតែជាការពង្រីកសកម្មភាពអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីទំនុកចិត្ត របស់វិនិយោគិនលើសក្តានុពល ស្ថិរភាព និងបរិយាកាសវិនិយោគដ៏ល្អប្រសើររបស់កម្ពុជា។

រោងចក្រថ្មីនេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មយានយន្តក្នុងស្រុក តាមរយៈការនាំយកបច្ចេកវិទ្យា តម្លើងរថយន្តទំនើបស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។ លើសពីនេះ គម្រោងវិនិយោគដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារថ្មីៗ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិស័យយានយន្ត ដើម្បីលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មកម្ពុជាសម្រាប់អនាគត។

KNN Group រំពឹងថា រោងចក្រតម្លើងរថយន្ត JETOUR នេះ នឹងក្លាយជាចំណែកដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យផលិតកម្ម និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលតម្លើងរថយន្តដ៏មានសក្តានុពលមួយនៅក្នុងតំបន់។

គម្រោងនេះ ត្រូវបានចាត់ទុកថាជាកម្លាំងចលករថ្មីមួយទៀត សម្រាប់ជំរុញកំណើនវិស័យឧស្សាហកម្មផលិតកម្មនៅកម្ពុជា និងបើកទំព័រថ្មីសម្រាប់ការរីកចម្រើន នៃវិស័យយានយន្តក្នុងប្រទេស៕