ក្រុមហ៊ុន Adecco ៖ «បច្ចេកវិទ្យា AI នឹងមិនបង្កឱ្យមាន វិបត្តិបាត់បង់ការងារទ្រង់ទ្រាយធំ នោះឡើយ»

23-07-2026 14:17

(បរទេស)៖ ទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចនឹងមកជំនួសកម្លាំងពលកម្មមនុស្សក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវថ្មីមួយពីក្រុមហ៊ុនផ្គត់ផ្គង់កម្លាំងពលកម្មធំជាងគេលើពិភពលោក Adecco Group បានបង្ហាញថា AI នឹងមិនបង្កឱ្យមានការដួលរលំ ឬវិបត្តិបាត់បង់ការងារឡើយ។

លោក Denis Machuel ដែលជានាយកប្រតិក្រុមហ៊ុន Adecco Group ដែលមានមូលដ្ឋាននៅទីក្រុង Zurich ប្រទេសស្វីស បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនមួយចំនួនកំពុងប្រើប្រាស់ «បច្ចេកវិទ្យា AI» ធ្វើជាលេសបាំងមុខក្នុងការកាត់បន្ថយបុគ្គលិក ប៉ុន្តែហេតុផលពិតប្រាកដគឺបណ្តាលមកពីដំណើរការអាជីវកម្មធ្លាក់ចុះ ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ឬបញ្ហាផ្ទៃក្នុងផ្សេងទៀតប៉ុណ្ណោះ។ លោក Machuel បានគូសបញ្ជាក់ថា៖ «AI កំពុងនាំមកនូវការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងពិភពការងារ ប៉ុន្តែវិបត្តិបាត់បង់ការងារធ្ងន់ធ្ងរ នឹងមិនកើតឡើងនោះទេ។ វាគឺជាការផ្លាស់ប្តូរតួនាទី និងភារកិច្ចការងារ ច្រើនជាងការលុបបំបាត់ការងារចោលទាំងស្រុង»

តាមទិន្នន័យពីអង្គការ OECD ដែលជាអង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច បានឲ្យដឹងថា សម្រាប់ប្រទេសជាសមាជិកទាំង ៣៨ បានបង្ហាញថា រយៈពេលជា ៣ឆ្នាំកន្លះ បន្ទាប់ពីការលេចឡើងនៃ ChatGPT អត្រាបង្កើតការងារនៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត ខណៈអត្រាទំនេរគ្មានការងារធ្វើស្ថិតនៅកម្រិតទាបជាប្រវត្តិសាស្ត្រ។ លោកបន្ថែមថា បដិវត្តន៍ឧស្សាហកម្មកាលពីអតីតកាល ចាប់តាំងពីសម័យប្រើប្រាស់ម៉ាស៊ីនចំហាយទឹក អគ្គិសនី បច្ចេកវិទ្យាព័ត៌មាន ទាំងអ៊ីនធឺណិត សុទ្ធតែបានផ្លាស់ប្តូរទម្រង់ការងារ ប៉ុន្តែមិនដែលបំផ្លាញការងារមនុស្សក្នុងកម្រិតទ្រង់ទ្រាយធំនោះទេ ហើយទិន្នន័យបច្ចុប្បន្នក៏មិនទាន់មានភស្តុតាងណាមួយបង្ហាញថា AI នឹងបង្កឱ្យមានសេណារីយ៉ូខុសពីនេះដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក Machuel បានដាស់តឿនថា និយោជកមិនគួរលុបបំបាត់តំណែងកម្រិតដំបូងចោលឡើយ ព្រោះវាអាចប៉ះពាល់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់អនាគត។ ផ្ទុយទៅវិញ ក្រុមហ៊ុននានាចាំបាច់ត្រូវកែប្រែទម្រង់ការងារទាំងនោះឡើងវិញ ដើម្បីឱ្យ AI ក្លាយជាឧបករណ៍ជួយគាំទ្រកម្លាំងពលកម្ម រួមទាំងការវិនិយោគលើការលើកកម្ពស់ជំនាញ និងការបណ្តុះបណ្តាលជំនាញថ្មីផងដែរ៕