អនុប្រធានសហព័ន្ធគុនខ្មែរ និងជាអគ្គលេខាធិការរងគុនខ្មែរអន្តរជាតិ ប្រតិកម្មចំពោះ​ការរិះគន់បែបជេប្រមាថ​ និងប្រើពាក្យអសីលធម៌លើមន្ត្រីស្ថាប័នកីឡា

23-07-2026 14:35

(ភ្នំពេញ)៖ លោក​ គង់ វិសាល អនុប្រធានសហព័ន្ធគុនខ្មែរ ព្រមទាំងជាអគ្គលេខាធិការរងគុនខ្មែរអន្តរជាតិ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លា និងគូសបន្ទាត់ក្រហមយ៉ាងច្បាស់ ចំពោះការប្រើប្រាស់បណ្តាញសង្គមធ្វើការរិះគន់បែបអសីលធម៌ ជេរប្រមាថ និងវាយប្រហារមកលើមន្ត្រីជាន់ខ្ពស់ និងស្ថាប័នកីឡា។

​ប្រតិកម្មនេះកើតឡើង បន្ទាប់ពីមានការសង្កេតឃើញបុគ្គលមួយចំនួន ប្រើប្រាស់មធ្យោបាយផ្សាយផ្ទាល់លើបណ្តាញសង្គម (Facebook Live) ដោយនិយាយរិះគន់ និងប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗ ខ្វះមូលដ្ឋានច្បាស់លាស់ ស្ទើរតែដល់កម្រិតមើលងាយ និងជេរប្រមាថមកលើថ្នាក់ដឹកនាំសហព័ន្ធ និងមន្ត្រីចាស់ទុំ ដែលមានវ័យចំណាស់អាចជាឪពុក ឬជាតាខ្លួនឯងបាន។

​តាមរយៈសារដ៏មានអត្ថន័យ និងការអប់រំ លោក គង់ វិសាល បានលើកឡើងពីគោលការណ៍នៃការរិះគន់ក្នុងសង្គមថា ​«ប្អូនៗមានសិទ្ធិរិះគន់អំពីបញ្ហាកីឡា ឬសិល្បៈគ្រប់ទម្រង់ ដើម្បីស្ថាបនា ប្រកបដោយសីលធម៌ល្អ! ក្នុងនាមសង្គមខ្មែរដែលមានអរិយធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់។ តែបើប្រែការរិះគន់ទៅជា «បែបអសីលធម៌, បែបជេរប្រមាថ, បែបបំផ្លាញសីលធម៌សង្គម បំផ្លាញសេចក្តីថ្លៃថ្នូរប្រជាជនខ្មែរក្នុងសង្គម, បែបចងគំនុំ» ទៅលើស្ថាប័ន ឬរវាងបុគ្គល និងបុគ្គល... តើពួកគាត់ខុសអ្វី?»

លោក គង់ វិសាល បានថ្លែងប្រាប់ Fresh News Plus ថា «ក្នុងនាមខ្ញុំអ្នក​ដឹកនាំ​បន្តវេន​ជំនាន់ក្រោយ​ ខ្ញុំនឹង​មិនលើកលែង​ឱ្យ​ដាច់ខាត ​រាល់​ទង្វើ​អសីលធម៌​ទាំងនោះ​ ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ។ មនុស្ស​អាច​ទ្រាំ​នឹងការលំបាក តែ​មិនអាចទ្រាំរងការប្រមាថបានឡើយ។ បន្ទាត់ក្រហមខ្ញុំ​បាន​គូស​រួចហើយ​ បើនៅតែព្យាយាម​ឆ្លង​ហួស​ សាកស្រមៃមើល៍ទៅ​នឹងមានអ្វី​កើតឡើង​ «ចូរ​ប្រយ័ត្ន​ប្រយែងសំដី» មុននឹង​យកខ្ញុំ​ជា​សត្រូវ។​ ចូរ​សិក្សា​ពីបង​ឱ្យ​ច្បាស់​, ខ្ញុំមិនមែន​ជា​អ្នក​លេង​ ឬអ្នកមែនទេ​, តែខ្ញុំ​អ្នក​ធ្វើ​ប្រកបដោយ​សីលធម៌​ ប្រកប​ដោយការព្យាយាម​អត់ធ្មត់​ខ្ពស់​ លះបង់ បំរើស្ថាប័ន​ដែលស្រឡាញ់​ពេញចិត្ត​ដោយគ្មាន​លក្ខខណ្ឌ​ អស់​រយ:ពេល​ជាង​២៥​ឆ្នាំ»

​លោកបានសង្កត់ធ្ងន់ទៀតថា មនុស្សអាចទ្រាំទ្រនឹងការលំបាកបាន ប៉ុន្តែពុំអាចទ្រាំរងនូវការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរនោះទេ។ ក្នុងនាមជាអ្នកដឹកនាំបន្តវេនជំនាន់ក្រោយ លោកបានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនលើកលែងដាច់ខាត ចំពោះរាល់ទង្វើអសីលធម៌ និងការប្រមាថទាំងឡាយណាដែលបន្តប៉ះពាល់ដល់ស្ថាប័ន និងកិត្តិយសបុគ្គល។ ​«បន្ទាត់ក្រហមបងបានគូសរួចហើយ បើនៅតែព្យាយាមឆ្លងហួស សាកស្រមៃមើលទៅនឹងមានអ្វីកើតឡើង។ ចូរប្រយ័ត្នប្រយែងសំដី! មុននឹងយកបងជាសត្រូវ ចូរសិក្សាពីបងឱ្យច្បាស់ បងមិនមែនជាអ្នកលេង ឬអ្នកម៉ែនទេ តែបងជាអ្នកធ្វើប្រកបដោយសីលធម៌ ប្រកបដោយការព្យាយាមអត់ធ្មត់ខ្ពស់»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក គង់ វិសាល។​

ជាការពិត មហាជនដែលបានតាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ ចំពោះ​សកម្មភាព​កីឡា​ប្រដាល់​គុន​ខ្មែរ ​ការ​គ្រប់​គ្រង​ដឹក​នាំ​ក្នុង​របត់​ថ្មី​ដែល​មាន​វត្តមាន​លោក​ ខូវ​ ឆាយ​ ជា​ប្រធានសហព័ន្ធគុនខ្មែរ​ ខណៈ​ដែល​សកម្មភាព​របស់​លោក​ គង់​ វិសាល ​មាន​តួនាទី​ច្រើន​​ដូច​ជាទទួល​បន្ទុក​ផ្នែក​កីឡា ​និង​សិល្បៈ ជា​អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ជា​អគ្គ​លេខាធិការ​រងគុន​ខ្មែរ​អន្តរជាតិ ​​​ខណៈសកម្មភាព​រីក​ចម្រើន​ ឬ​ការ​អនុវត្ត​ប្រតិបត្តិការ​ងារ​ គឺ​បាន​មក​ពី​វិស័យ​ឯក​ជន​ ដែល​ព្រម​ព្រៀង​ក្នុង​កិច្ចសន្យា​ជា​នីតិ​វិធី​ ដោយ​មិន​បាន​ប្រើប្រាស់​ថវិកាជាតិ​នោះ​ឡើយ​។​

ការ​ប្រតិកម្ម​របស់​លោក​ គង់​ វិសាល ដោយ​ប្រើ​ពាក្យ​មិន​គ្រោធ​គ្រាត ឬអសីលធម៌នោះ​ទេ ​ប៉ុន្តែ​ផ្អែម​ល្ហែម​បែបស៊ី​ជម្រៅ​និង​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ និងអាចជា​ភ្លើងសញ្ញា​មាន​ពណ៌លឿង​គួរ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​រិះ​គន់​៕