ប្រធានសហព័ន្ធ ចាត់ទុកការឈ្នះមេដាយ ៨គ្រឿងពីជើងឯកជឺជីតស៊ូទ្វីបអាស៊ី ជាទុនត្រៀម Asian Games នៅជប៉ុន
23-07-2026 15:00
(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន ៨គ្រឿង ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី លើកទី១០ (Ju-Jitsu Asian Championship) ឆ្នាំ២០២៦ នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។ លោក ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានចាត់ទុកសមិទ្ធផលនេះ ជាទុនមួយដ៏សំខាន់សម្រាប់ការវាស់ស្ទង់ ក៏ដូចជាត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។
ក្រុមប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ ដោយនាំមកជាមួយមេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ក្នុងនោះក៏មានការទទួលស្វាគមន៍ពីលោក ផាត់ បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ប្រធានសហព័ន្ធដដែល បានឲ្យដឹងថា បេសកកម្មនេះ សហព័ន្ធបានបញ្ជូនអត្តពលិកចំនួន ១៤នាក់។ ជាលទ្ធផលកីឡាករ-កីឡាការិនីទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រហូតដណ្ដើមបានមេដាយសរុបចំនួន ៨គ្រឿង ដែលភាគច្រើនទទួលបានលើវិញ្ញាសាសម្ដែង ពិសេសមេដាយមាស ដែលរក្សាបាននូវភាពលេចធ្លោរសម្រាប់កីឡាជឺជីតស៊ូកម្ពុជា ក្នុងទ្វីបអាស៊ី ទោះបីលោកមានការសោកស្ដាយ ទៅលើវិញ្ញាសាប្រយុទ្ធ ដែលអត្តពលិកកម្ពុជា មិនអាចសម្រេចសមិទ្ធផលតាមការគ្រោងទុកក្ដី។
យ៉ាងណាមិញ លោកនៅតែវាយតម្លៃខ្ពស់ ចំពោះការខំប្រឹង និងចាត់ទុកការប្រឈមជាមួយដៃគូខ្លាំងៗក្នុងការប្រកួតជើងឯកទ្វីបអាស៊ី នាពេលកន្លងទៅ គឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស មួយដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមហ្វឹកហាត់ ដុសខាត់ និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត សំដៅជំរុញគុណផលកម្រិតខ្ពស់ និងការត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន។
ទន្ទឹមជាមួយគ្នា សហព័ន្ធក៏កំពុងពិចារណាបញ្ជូនអត្តពលិក ទៅចូលរួមការប្រកួតជើងឯកពិភពលោក ១សប្ដាហ៍ មុនការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ នាចុងខែសីហា ព្រមទាំងគម្រោងបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីឲ្យបានកាន់តែខ្លាំង មុនឈានដល់ព្រឹត្តិការណ៍ Asian Games លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ផងដែរ។
ចំពោះមេដាយដែលអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ ខាងលើ រួមមានមេដាយមាស ២គ្រឿង ដណ្ដើមបានដោយកីឡាការិនី ទីន សុវណ្ណបួរកែវ និងកីឡាការិនី ហេង ស៊ីហ៊ាង លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female និងវិញ្ញាសា U21 Ju-Jitsu Duo Show Female គ្រាដែលមេដាយប្រាក់៣គ្រឿង រកបានដោយកីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា លើវិញ្ញាសាAdult Ju-Jitsu Duo Open, កីឡាការិនី ទីន សុវណ្ណបួរកែវ និង គង់ម៉ូណា មិថុរ៉ា លើវិញ្ញាសា Adult Ju-Jetsu Show Women ព្រមទាំងកីឡាការិនីហេង ស៊ីវហ៊ាង និងកីឡាករ ទូច ពីរកក្កដា លើវិញ្ញាសា Adult Ju-Jitsu Show Mix។
ដោយឡែកមេដាយសំរឹទ្ធ ៣គ្រឿង គឺរកបានដោយកីឡាករ សរ សុផានុត លើវិញ្ញាសាប្រយុទ្ធ U21 JU-Jitsu Fighting Male ទម្ងន់ក្រោម៦៩គីឡូក្រាម, កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពីកក្កដា លើវិញ្ញាសា Adult Ju-Jitsu Duo Men & Mixed ព្រមទាំងកីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទីន សុវណ្ណបួរកែវ លើវិញ្ញាសា Adult Ju-Jisu Duo Women៕













