«emart24 Cambodia» សហការជាមួយ «BVM Petroleum» ត្រៀមពង្រាយហាងទំនិញទំនើបស្ទីលកូរ៉េ ផ្តាច់មុខនៅក្នុងស្ថានីយប្រេងឥន្ធនៈ «ប៊ីវីអឹម» ទូទាំងប្រទេស

23-07-2026 15:14

(ភ្នំពេញ)៖ emart24 Cambodia ដែលជាប្រេនហាងទំនិញទំនើបឈានមុខគេមកពីប្រទេសកូរ៉េ បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) ដោយរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ និងផ្តាច់មុខកាលពីពេលថ្មីនេះ ក្នុងកិច្ចសហប្រតិបត្តិការបើកដំណើរការ សាខាហាងទំនិញទំនើប emart24 នៅក្នុងបណ្តាញ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសនៃក្រុមហ៊ុនទាំងពីរ ដើម្បីជាសក្ខីភាពនៃការចាប់ដៃគូសហការដ៏រឹងមាំ ក្នុងគោលបំណងលើកកម្ពស់បទ ពិសោធន៍នៃការធ្វើដំណើរ និងការរស់នៅទាន់សម័យរបស់ប្រជាជនកម្ពុជា។

ក្នុងនាមជាដៃគូសហប្រតិបត្តិការក្នុងអាជីវកម្ម emart24 Cambodia នឹងនាំយកនូវទស្សនទានលក់រាយដ៏ប្លែក និងមានគុណភាពខ្ពស់ ទៅកាន់ទីតាំងយុទ្ធសាស្ត្រនៃស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម។

អតិថិជន និងអ្នកធ្វើដំណើរ នឹងទទួលបានភាពងាយស្រួលក្នុងការទិញទំនិញ ប្រើប្រាស់ប្រចាំថ្ងៃយ៉ាងសម្បូរបែប ព្រមទាំងអាចរីករាយជាមួយអាហារសម្រន់ បែបកូរ៉េក្ដៅៗ (Korean Street Food) និងដែលមានរសជាតិឆ្ងាញ់ពិសារ ក្នុងអំឡុងពេលចូលសម្រាក និងចាក់ប្រេងឥន្ធនៈ នៅក្នុងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម។ កិច្ចសហប្រតិបត្តិការផ្តាច់មុននេះ នឹងធ្វើឱ្យស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ក្លាយជាមជ្ឈមណ្ឌលសេវាកម្មដ៏សម្បូរបែបក្នុងតែមួយកន្លែង (One-Stop Service Hub) ដែលអតិថិជនអាចទិញ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារសម្រន់ ចាក់ប្រេង និងលាងរថយន្តជាដើម។

លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សៃសាន់ ប្រាឌ័រ ហូលឌីង ឯ.ក emart24 Cambodia មានប្រសាសន៍ក្នុងពិធីនោះថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម
ដែលជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ឈានមុនគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ emart24 មិនត្រឹមតែជាហាងទំនិញ សម្រាប់ផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែយើងនាំមកនូវស្ទីលរស់នៅដ៏រស់រវើក និងបទពិសោធន៍អាហារដ៏មានគុណភាព។ ការមានវត្តមាននៅក្នុងស្ថានីយប្រេងឥន្ធនៈ ដែលមានចរាចរណ៍មមាញឹក នឹងជួយឱ្យយើងអាចនាំយកផលិតផលល្អៗ និងរសជាតិដើមពីប្រទេសកូរ៉េ ទៅជូនអតិថិជនដែលកំពុងធ្វើដំណើរបានភ្លាមៗ ស្របតាមការប្ដេជ្ញាចិត្តរបស់យើង គឺការផ្តល់ភាពងាយស្រួល និងស្នាមញញឹមរាល់ការធ្វើដំណើរ»

លោកស្រី មាស គន្ធា អគ្គនាយិការងក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានចែករំលែកចំណាប់អារម្មណ៍ផងដែរថា «ទស្សនវិស័យរបស់ ប៊ីវីអឹម មិនមែនត្រឹមតែជាការចែកចាយប្រេងឥន្ធនៈនោះទេ តែពួកយើងផ្តោតសំខាន់លើការផ្តល់ បទពិសោធន៍ដែលមានភាពទាន់សម័យ មានភាពងាយស្រួល ផ្ដល់នូវផាសុខភាពដល់អ្នកប្រើប្រាស់ ដែលលើសពីការចាក់ប្រេងឥន្ធនៈ។ ការចាប់ដៃគូជាមួយប្រេនលំដាប់អន្តរជាតិ ដែលមានភាពច្នៃប្រឌិតខ្ពស់ដូចជា emart24 គឺស្របទៅនឹងចក្ខុវិស័យរបស់យើង ក្នុងការធ្វើបច្ចុប្បន្នភាពបរិយាកាស នៅក្នុងស្ថានីយលក់រាយប្រេងឥន្ធនៈ។ ជាមួយនឹងជម្រើសអាហារដ៏សម្បូរបែប និងការរៀបចំហាងដ៏មានសោភ័ណភាពរបស់ emart24 យើងជឿជាក់យ៉ាងមុតមាំថា អតិថិជន របស់យើងនឹងទទួលបាននូវភាពងាយស្រួល និងការពេញចិត្តជាទីបំផុត»

ហាងទំនិញទំនើប emart24 ដំបូងនៅក្នុងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ត្រូវបានរំពឹងថា នឹងអាចបើកនៅក្នុងពេលឆាប់ៗ នេះ ដោយផ្តោតលើទីតាំងសំខាន់ៗក្នុងទីក្រុង និងផ្លូវជាតិធំៗ មុននឹងឈានទៅពង្រីកវិសាលភាពបន្ថែមទៀត។

emart24 Cambodia emart24 គឺជាហាងទំនិញទំនើបឈានមុខគេមកពីប្រទេសកូរ៉េ ដែលនាំមកនូវទស្សនទានថ្មី នៃការរស់នៅទាន់សម័យ និងងាយស្រួល (Convenience & Lifestyle) ជូនដល់ប្រជាជនកម្ពុជា។ ក្រៅពីការផ្តល់ជូននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ emart24 ត្រូវបានស្គាល់យ៉ាងច្បាស់ តាមរយៈការនាំចូលផលិតផលផ្តាច់មុខល្បីៗពីកូរ៉េ អាហារសម្រន់កូរ៉េក្ដៅៗ (Street Food) និងកាហ្វេដែលមានរសជាតិឆ្ងាញ់ពិសារ។

ចំណែកក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុក ឈានមុខគេមួយក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ធ្វើការចែកចាយប្រេងឥន្ធនៈទៅ ២៥ ខេត្តក្រុង ដោយផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាព បរិមាណត្រឹមត្រូវជាមួយនឹងសេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់។ ប៊ីវីអឹម កំពុងពង្រីកសាខាសា្ថនីយលក់រាយប្រេងឥន្ធនៈ ដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្ររបស់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា៕