Intel និង AMD ឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងជាមួយចិន ខណៈតម្រូវការ និងតម្លៃ Server CPU ស្ទុះឡើងខ្លាំង
23-07-2026 15:29
(បរទេស)៖ ការផ្ទុះឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានធ្វើឱ្យតម្រូវការបន្ទះឈីបដំណើរការកណ្តាលសម្រាប់ម៉ាស៊ីនមេ (Server CPU) នៅក្នុងប្រទេសចិនកើនឡើងយ៉ាងគំហុក រហូតរុញច្រានឱ្យតម្លៃកើនឡើងជាង ៤០% ចាប់តាំងពីដើមឆ្នាំមក ដោយផលិតផលខ្លះកើនឡើងលើសពី ១០% ក្នុងមួយខែៗ។ សភាពការណ៍នេះបានបង្ខំឱ្យក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិកទាំងពីរគឺ Intel និង AMD ឈានទៅចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងចន្លោះពី ១ ទៅ ២ ឆ្នាំ ជាមួយអតិថិជន និងក្រុមហ៊ុនបច្ចេកវិទ្យាចិន ដើម្បីធានាបរិមាណផ្គត់ផ្គង់ ខណៈដែលពេលវេលារង់ចាំទទួលបានទំនិញត្រូវពន្យារពេលរហូតដល់ទៅ ៦ ខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចព្រមព្រៀងដែលកំពុងចរចានេះ គឺតម្រូវឱ្យភាគីចិនទិញតាម «បរិមាណ» ប៉ុន្តែមិនបាន «កម្រិតតម្លៃ» នោះឡើយ។ កំណើនតម្រូវការដ៏គំហុកនេះកើតឡើង ដោយសារមជ្ឈមណ្ឌលទិន្នន័យ (Data Center) សម្រាប់ AI មិនត្រឹមតែត្រូវការបន្ទះឈីបក្រាហ្វិក (GPU) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការ CPU ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទ្រទ្រង់ប្រព័ន្ធបណ្តាញ ការផ្ទុកទិន្នន័យ និងការធ្វើប្រតិបត្តិការសន្និដ្ឋានទិន្នន័យ (Inference Workloads)។ លក្ខខណ្ឌនេះបានផ្តល់អំណាចចរចាកាន់តែខ្លាំងដល់ Intel និង AMD ទោះបីជាក្រុមហ៊ុនចិនកំពុងប្រឈមមុខនឹងវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាជឿនលឿនពីសំណាក់រដ្ឋាភិបាលអាមេរិកយ៉ាងណាក៏ដោយ។
ជុំវិញបញ្ហានេះ លោក Lip-Bu Tan នាយកប្រតិបត្តិ (CEO) របស់ Intel បានថ្លែងប្រាប់អ្នកវិភាគថា តម្រូវការទីផ្សារ «បន្តរត់លឿនជាងសមត្ថភាពផ្គត់ផ្គង់» ខណៈដែលក្រុមហ៊ុនគូប្រជែង AMD បានព្យាករណ៍ថា ទីផ្សារ Server CPU ពិភពលោកនឹងកើនឡើងរហូតដល់ជាង ១២០ ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ ដោយសារឥទ្ធិពល AI។ អ្នកវិភាគព្រមានថា ការខ្វះខាត និងការហក់ឡើងនៃតម្លៃ CPU នេះ នឹងបង្កើនថ្លៃដើមប្រតិបត្តិការ និងអាចពន្យឺតការដាក់ពង្រាយសេវាកម្ម AI របស់ក្រុមហ៊ុនបច្ចេកវិទ្យា និង Cloud ធំៗនៅក្នុងប្រទេសចិន៕











