សិស្សសាលាអន្តរជាតិប្រាយឡាញ ៣រូប ដណ្ដើមបានមេដាយ ៤ ពីការប្រកួតគណិតវិទ្យាអូឡាំព្យារសិង្ហបុរី (Video inside)

23-07-2026 16:49

(ភ្នំពេញ)៖ សិស្សសាលារៀនអន្តរជាតិប្រាយឡាញ ចំនួន៣រូប បានដណ្ដើមបានមេដាយចំនួន ៤ ពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យារសិង្ហបុរី (Singapore International Math Olympiad Challenge, SIMOC) នៅប្រទេសសិង្ហបុរី ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា។

កម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យារ​​ SIMOC គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិវគ្គផ្ដាច់ព្រ័ត្រ ដែលប្រមូលផ្ដុំសិស្សជ័យលាភីមកពីបណ្ដាប្រទេសជាច្រើន។ នៅឆ្នាំនេះ មានសិស្សានុសិស្សចូលរួមសរុបចំនួន​ ២ ២៨៧នាក់ មកពី ៤០ប្រទេសជុំវិញពិភពលោក​ ហើយសិស្សានុសិស្សសាលារៀនអន្តរជាតិប្រាយឡាញទទួលបានលទ្ធផល ១០០%។

ក្នុងចំណោមជ័យលាភីទាំង ៣រូប កុមារី ប៉ាក គីមឡាង ទទួលបានមេដាយសរុប ២ គឺមេដាយមាស ១ លើវិញ្ញាសាគណិតវិទ្យាអូឡាំព្យាដ និងមេដាយសំរិទ្ធ ១ លើវិញ្ញាសា ហ្គេមគណិតវិទ្យា (Math Warriors)។ ចំណែកឯ កុមារី ញ៉ែម ខេមាមរកត ទទួលបានមេដាយប្រាក់ ១ លើវិញ្ញាសាគណិតវិទ្យាអូឡាំព្យារ និងកុមារី បញ្ញា ពីរ៉ាហ្សា ទទួលបានមេដាយសំរិទ្ធ ១ លើវិញ្ញាសាគណិតវិទ្យាអូឡាំព្យារ។​

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីគុណភាពអប់រំដ៏ល្អរបស់សាលារៀនអន្តរជាតិប្រាយឡាញ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សផ្ទាល់។ លទ្ធផលនេះមិនត្រឹមតែលើកស្ទួយកេរ្តិ៍ឈ្មោះសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ។

លោកស្រី Anamika Sharma នាយិកាសាលារៀនអន្តរជាតិប្រាយឡាញ បានបង្ហាញមោទនភាពចំពោះសមិទ្ធផលនេះ ​​ដែល​សិស្សរបស់សាលារៀនអន្តរជាតិប្រាយឡាញ​​ធ្វើ​បាន​ល្អ​នៅ​ឆ្នាំ​នេះ។ សាលារៀនអន្តរជាតិប្រាយឡាញប្តេជ្ញាបន្តបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ​​

យុវតីទាំង ៣រូប បានថ្លែងពីអារម្មណ៍រំភើបរីករាយ និងមោទនភាពយ៉ាងខ្លាំងក្នុងការកាន់ទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ ដោយបញ្ជាក់ថាការខិតខំប្រឹងប្រែងរបស់ពួកគេទីបំផុតបានទទួលផ្លែផ្កា។ ពួកគេក៏បានថ្លែងអំណរគុណ​សាលា គ្រូបង្រៀន និងឪពុកម្តាយ ដែលបានបង្រៀនពួកគេឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង និងមិនបោះបង់ចោលបញ្ហាលំបាកៗឡើយ។

សូមជម្រាបថា ​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​​​ឆ្នាំ​២០២៦​នេះ​ ​​​ ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧​ ​ដល់​ថ្ងៃទី​២២​ ​ខែកក្កដា​។​ ក្នុង​នោះ​ ​សិស្ស​កម្ពុជា​បាន​ចូលរួម​ប្រកួត​លើ ​៣​ ​វិញ្ញាសា ​ដោយ​ ​វិញ្ញាសា​ទី​១​ ​គណិតវិទ្យា​អូឡាំព្យាដ ​(​Math​ ​Olympiad​) ​ទទួលបាន​ ​៩៤​មេដាយ​, ​វិញ្ញាសា​ទី​២​ ហ្គេម​គណិតវិទ្យា ​(​Math​ ​Warriors​) ​ទទួលបាន​ ​៧៧​មេដាយ និងវិញ្ញាសា​ទី​៣​ ​Math​ ​Master​ ​Mind​ ​ទទួលបាន​ ​៥០​មេដាយ​។ ​ហើយ​សមិទ្ធផល​សរុប ​គឺ​ទទួលបាន​ពាន​៧, ​៦៥​ ​មេដាយ​មាស​, ​៧២​ ​មេដាយ​ប្រាក់​, ​៨៤​ ​មេដាយ​សំរឹទ្ធ​ ​និង​ ​១២​ ​ជ័យលាភី​កិត្តិយស​៕​​