ក្រសួងការពារជាតិអាមេរិក ចុះកិច្ចសន្យាខ្នាតយក្ស ៧ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Oracle ដើម្បីបង្រួបបង្រួមអាជ្ញាប័ណ្ណសូហ្វវែរ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយ
24-07-2026 09:49
(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក (Pentagon) នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសជាផ្លូវការនូវការចុះកិច្ចសន្យាធំមួយដែលមានតម្លៃរហូតដល់ទៅជិត ៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle។ កិច្ចព្រមព្រៀងដែលមានរយៈពេលរហូតដល់ ១០ឆ្នាំនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញការបង្រួបបង្រួមអាជ្ញាប័ណ្ណសូហ្វវែរ ដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ និងលុបបំបាត់ការទិញដូរដាច់ដោយឡែកពីគ្នានៅតាមបណ្តាប្រភេទទ័ព។
កិច្ចព្រមព្រៀងសូហ្វវែរថ្នាក់សហគ្រាស (Enterprise Software Agreement) មួយនេះ ត្រូវបានសម្របសម្រួល និងចរចាដោយផ្ទាល់ដោយកងទ័ពជើងទឹកអាមេរិក (Department of the Navy)។ តាមរយៈកិច្ចសន្យានេះ Oracle នឹងផ្គត់ផ្គង់ប្រព័ន្ធសូហ្វវែរផ្ទាល់ដី (On-premises Software Capabilities) ក៏ដូចជាសេវាកម្មក្លោដ (Cloud) និងកម្មវិធី SaaS សម្រាប់គ្របដណ្តប់លើអង្គភាពទាំងអស់របស់ក្រសួងការពារជាតិ រួមទាំងកងកម្លាំងការពារព្រំដែនទឹក (U.S. Coast Guard) និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ (Intelligence Community) ទាំងមូលផងដែរ។
តាមលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានបែកចែកជាពីរធំៗគឺទី១ កិច្ចសន្យានេះមានរយៈពេល ៥ឆ្នាំដំបូង ជាមួយនឹងតម្លៃមូលដ្ឋាន ៣.៣១ ពាន់លានដុល្លារ ហើយអាចនឹងមានជម្រើសបន្ថែម ៥ឆ្នាំទៀត ដែលនឹងជម្រុញឱ្យតម្លៃសរុបកើនឡើងដល់ ៦.៩៩ ពាន់លានដុល្លារ។ ទី២គឺ ក្រសួងការពារជាតិបានប៉ាន់ប្រមាណថា ការប្រមូលផ្តុំអាជ្ញាប័ណ្ណសូហ្វវែរដែលធ្លាប់តែទិញរាយប៉ាយឱ្យមកស្ថិតក្រោមកិច្ចសន្យារួមតែមួយនេះ នឹងអាចសន្សំសំចៃថវិការដ្ឋបានយ៉ាងតិច ៤៤១ លានដុល្លារអាមេរិក។
លោកស្រី Kirsten Davies ប្រធានផ្នែកព័ត៌មានវិទ្យា (CIO) របស់ក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ដោយសារការកែលម្អជាមូលដ្ឋានលើរបៀបដែលយើងទិញយកសមត្ថភាព On-premises របស់ Oracle ពួកយើងកំពុងជម្រុញឱ្យមានការសន្សំសំចៃថវិកាចំនួន ៤៤១លានដុល្លារជូនប្រជាពលរដ្ឋអ្នកបង់ពន្ធ ស្របពេលដែលផ្តល់នូវសេវាកម្មប្រកបដោយរហ័សរហួន និងប្រសិទ្ធភាពខ្ពស់ជូនដល់កងទ័ពរបស់យើង»។
គួររំលឹកផងដែរថា កិច្ចព្រមព្រៀងខ្នាតយក្សជាមួយ Oracle នាពេលនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋាន CIO របស់លោកស្រី Davies ទើបតែបានចុះកិច្ចសន្យាស្រដៀងគ្នានេះជាមួយក្រុមហ៊ុន Microsoft កាលពីខែមេកា កន្លងទៅ ក្នុងតម្លៃ ៩.៦៩ ពាន់លានដុល្លារ។ ចំណាត់ការបន្តបន្ទាប់នេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រផ្លាស់ប្តូរថ្មីក្នុងការរៀបចំលទ្ធកម្មរបស់ Pentagon ដើម្បីបោះចោលវិធីសាស្ត្រទិញដូរបែបបែកចែកតាមទ័ពនីមួយៗ (Service-by-service) ហើយជំនួសមកវិញនូវកិច្ចព្រមព្រៀងថ្នាក់ជាតិ (Enterprise-wide) ក្នុងគោលបំណងពង្រឹងសុវត្ថិភាពសាយប័រ និងសម្រួលដល់ការប្រើប្រាស់បច្ចេកវិទ្យា AI ជំនាន់ថ្មីនៅក្នុងវិស័យយោធា៕







