ផ្សារអ្នកលឿងថ្មី រំពឹងក្លាយជាផ្សារសក្ដានុពលបម្រើប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ទិសទី!

24-07-2026 11:33

(ព្រៃវែង)៖ ផ្សារអ្នកលឿងថ្មីនៅក្នុងបរិវេណបុរី មង្គលថ្មី ក្បែរគល់ស្ពានអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះក្រោមអធិបតីភាពលោក សិដ្ឋ សំណាង អគ្គនាយកបុរី មង្គលថ្មី និងលោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកពាមរក៍។​ លោក សិដ្ឋ សំណាង អគ្គនាយកបុរី មង្គលថ្មី បានធ្វើការវិនិយោគ អភិវឌ្ឍដីបឹង ដែលធ្លាប់លិចទឹកនៅក្បែរគល់ស្ពានអ្នកលឿង ឱ្យក្លាយជាផ្សារទំនើបមួយ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អ្នកដំណើរ និងភ្ញៀវទេសចរណ៍​ មកកម្សាន្តសំចតទទួលទានអាហារ និងទិញទំនិញផ្សេង។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការលោក សិដ្ឋ សំណាង មានប្រសាសន៍ថា ផ្សារអ្នកលឿងថ្មីមានតូបអាជីវកម្មចំនួន ៣០០តូប គឺជាសមិទ្ធផលថ្មីមួយសម្រាប់ផ្តល់ឱកាសដល់អាជីវករ និងបម្រើតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកពាមរក៍ ក៏ដូចជាអ្នកដំណើរ និងភ្ញៀវទេសចរណ៍ឆ្លងកាត់ទាំងអស់។ ទីតាំងសាងសង់បុរី មង្គលថ្មី និងផ្សារអ្នកលឿងថ្មីនេះ ដើមឡើយ គឺជាបឹងលិចទឹកជារៀងរាល់ឆ្នាំ។ មូលហេតុដែលលោកសម្រេចចិត្តវិនិយោគលើទីតាំងនេះ ព្រោះកន្លែងនេះជាស្រុកកំណើតរបស់លោក ហើយលោកចង់ចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន បង្កើតឱកាសអាជីវកម្ម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ទន្ទឹមនឹងនេះលោក សិដ្ឋ សំណាង បានបង្ហាញជំនឿជាក់ថា លោកនឹងសហការជាមួយអាជីវករទាំងអស់ ដើម្បីអភិវឌ្ឍផ្សារអ្នកលឿងថ្មីឱ្យក្លាយជាផ្សារដែលមានសក្ដានុពល ជាទីតាំងដ៏ទាក់ទាញ សម្រាប់ការទិញទំនិញ និងទទួល​ទានអាហាររបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍។

ដោយឡែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានលើកឡើងថា វត្តមានផ្សារអ្នកលឿងថ្មីក្នុងបរិវេណបុរី មង្គលថ្មី បានបន្ថែមសោភណភាព និងមុខមាត់ថ្មីដល់ទឹកដីអ្នកលឿង និងជាសមិទ្ធផលថ្មីមួយ សម្រាប់ស្រុកពាមរក៍ខេត្តព្រៃវែង។ ផ្សារនេះមិនត្រឹមតែជាកន្លែង សម្រាប់ការធ្វើពាណិជ្ជកម្ម និងដោះដូរទំនិញរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតក្នុងបរិវេណបុរី ដែលមានការរៀបចំប្រកបដោយ សោភណ្ឌភាព សុវត្ថិភាព និងផាសុកភាព។ លោកអភិបាលស្រុកបានសម្តែងក្តីសង្ឃឹមថា ផ្សារអ្នកលឿងថ្មី នឹងក្លាយជាមជ្ឈមណ្ឌលលក់ផលិតផលកសិកម្មស្រស់ៗ ដូចជាបន្លែ ត្រី សាច់ និងកសិផលធម្មជាតិ ផលិតដោយប្រជាពលរដ្ឋក្នុងស្រុក។

ចំណែកអាជីវករដែលបានចូលលក់ក្នុងថ្ងៃបើកសម្ពោធ បានលើកឡើងថា ផ្សារអ្នកលឿងថ្មីមានទំហំធំទូលាយ រៀបចំបានល្អ មានប្រព័ន្ធលូ បន្ទប់ទឹកអនាម័យ សុវត្ថិភាព និងបរិយាកាសល្អ ដែលផ្តល់ភាពងាយ ស្រួលទាំងដល់អាជីវករ និងអតិថិជន។ សូមបញ្ជាក់ថា ផ្សារអ្នកលឿងថ្មីនៅគល់ស្ពានអ្នកលឿងត្រើយខាងកើត​នេះ ត្រូវបានចំណាយពេលសាងសង់ប្រមាណ ៤ឆ្នាំ មុននឹងបើកដំណើរការជាផ្លូវការនាពេលនេះ៕