វៀតណាម គ្រោងហាមឃាត់កុមារ និងយុវជនអាយុក្រោម ១៦ឆ្នាំ មិនឱ្យបង្ហោះ ឬឆ្លើយតបលើបណ្តាញសង្គម ក្នុងរលកប្រយុទ្ធប្រឆាំងហានិភ័យអនឡាញសកល
24-07-2026 14:37
(ហាណូយ)៖ រដ្ឋាភិបាលនៃប្រទេសវៀតណាម កំពុងរៀបចំផែនការដាក់ចេញនូវបទបញ្ជាដ៏តឹងរ៉ឹងថ្មីមួយ ដោយបង្ខំឱ្យក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ ត្រូវបិទខ្ទប់មិនឱ្យអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ឆ្នាំ ធ្វើការបង្ហោះមាតិកា (Post), បញ្ចេញមតិ (Comment) ឬចុច React លើការបង្ហោះផ្សេងៗឡើយ។ នេះបើយោងតាមខ្លឹមសារនៃព្រះរាជក្រឹត្យព្រាង (Draft Decree) ដែលត្រូវបានពិនិត្យ និងប្រកាសដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ។
យោងតាមអនុក្រឹត្យព្រាងនេះ វិធានការសំខាន់ៗដែលនឹងត្រូវដាក់អនុវត្តរួមមាន គណនីបណ្តាញសង្គមរបស់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ ត្រូវតែចុះឈ្មោះដោយប្រើប្រាស់ព័ត៌មានអត្តសញ្ញាណរបស់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលផ្លូវការ។ ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវផ្ទាល់ក្នុងការត្រួតពិនិត្យមាតិកាដែលកុមារមើល និងកំណត់ពេលវេលានៃការប្រើប្រាស់បណ្តាញសង្គម។ បណ្តាញសង្គម ត្រូវតែប្រកបដោយវិធានការបច្ចេកទេសដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ និងធានាថាការចែកចាយមាតិកាគឺសមស្របទៅតាមវ័យ។
ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌វៀតណាម លោក Phan Tam បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលបំណងចម្បងនៃព្រះរាជក្រឹត្យនេះ មិនមែនជាការហាមឃាត់ ឬរឹតត្បិតសិទ្ធិចូលប្រើប្រាស់បណ្តាញសង្គមរបស់កុមារជ្រុលហួសហេតុនោះទេ ប៉ុន្តែគឺដើម្បីធានាថានៅពេលដែលកុមារប្រើប្រាស់សេវាកម្មទាំងនេះ ពួកគេស្ថិតនៅក្នុងបរិស្ថានដែលសមស្របតាមវ័យ និងត្រូវបានការពារពីហានិភ័យមិនសមរម្យផ្សេងៗ»។
បន្ថែមពីលើបណ្តាញសង្គម សេចក្ដីព្រាងនេះក៏បានដាក់ចេញនូវរ៉ាមរឹតត្បិតលើការលេងហ្គេមអនឡាញ (Online Gaming) ផងដែរ ដោយតម្រូវឱ្យក្រុមហ៊ុនហ្គេមផ្ទៀងផ្ទាត់អាយុ កំណត់ការចុះឈ្មោះតាមអាណាព្យាបាល និងកម្រិតពេលវេលាលេងហ្គេមរបស់កុមារក្រោម ១៦ឆ្នាំ ឱ្យនៅត្រឹម មិនលើសពី ៦០នាទី ក្នុងមួយថ្ងៃ សម្រាប់ហ្គេមដែលផ្តល់ដោយក្រុមហ៊ុនតែមួយ។
គួរបញ្ជាក់ផងដែរថា ចំណាត់ការរបស់ប្រទេសវៀតណាម ធ្វើឡើងបន្តបន្ទាប់ពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងប្រញាប់ប្រញាល់បង្កើតច្បាប់រឹតត្បិតបណ្តាញសង្គមលើអនីតិជន ដើម្បីការពារសុខភាពផ្លូវចិត្តរបស់កុមារ។ កាលពីថ្ងៃអង្គារកន្លងទៅ សភាបារាំងទើបតែបានអនុម័តច្បាប់ហាមឃាត់កុមារក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម ខណៈដែលប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់ដែលបានអនុវត្តច្បាប់ហាមឃាត់កុមារក្រោម ១៦ឆ្នាំ កាលពីចុងឆ្នាំ២០២៥៕






