ចំនួន Data Center កើនឡើងយ៉ាងគំហកនៅម៉ាឡេស៊ី កំពុងប្រឈមមុខនឹងកង្វល់កង្វះទឹក និងអគ្គិសនី រហូតដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់

24-07-2026 16:10

(កូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ី ដែលធ្លាប់តែជាតួអង្គទាក់ទាញទុនវិនិយោគខ្លាំងជាងគេ និងជានិន្នាការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ លើវិស័យមជ្ឈមណ្ឌលទិន្នន័យ (Data Center) សម្រាប់ទ្រទ្រង់បច្ចេកវិទ្យា AI ឥឡូវនេះកំពុងប្រឈមមុខនឹងការរឹតត្បិត និងការតវ៉ាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក។ កង្វល់កាន់តែធំឡើងជុំវិញការខ្វះខាតប្រភពទឹកស្អាត និងថាមពលអគ្គិសនីសម្រាប់គ្រួសារ និងវិស័យកសិកម្ម កំពុងបង្ខំឱ្យរដ្ឋាភិបាលម៉ាឡេស៊ីត្រូវរៀបចំការគ្រប់គ្រងឡើងវិញយ៉ាងតឹងរ៉ឹង។ នេះបើយោងតាមការចុះផ្សាយព័ត៌មានស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមប្រភពព័ត៌មាន ការហក់ឡើងនៃមជ្ឈមណ្ឌលទិន្នន័យនៅម៉ាឡេស៊ីបានកើតឡើង បន្ទាប់ពីប្រទេសសិង្ហបុរីបានដាក់បម្រាមបណ្តោះអាសន្នលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យកាលពីចន្លោះឆ្នាំ២០១៩ ដល់២០២២ ដោយសារបញ្ហាធនធានទឹក និងអគ្គិសនីដូចគ្នា។ កត្តានេះបានជម្រុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោក រួមមាន Amazon, Microsoft, Tencent, និង Alibaba សម្រុកទៅបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារនៅក្នុងរដ្ឋចូហ័រ (Johor) និងរដ្ឋសេឡង់ហ្គ័រ (Selangor) របស់ម៉ាឡេស៊ី។ ផ្អែកតាមទិន្នន័យពី JLL សមត្ថភាពថាមពលមជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋចូហ័រ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទៅ ៨ដង រហូតដល់ ៧,០០០ មេហ្គាវ៉ាត់ (MW)។

ទោះជាយ៉ាងណាក៏ដោយ បន្ទុកនៃការប្រើប្រាស់ធនធានបានឈានដល់ចំណុចប្រកាសអាសន្ន។ តាមការបញ្ជាក់ពីធនាគារជាតិម៉ាឡេស៊ី (Bank Negara) មជ្ឈមណ្ឌលទិន្នន័យទំហំ 50MW មួយ អាចប្រើប្រាស់ទឹកស្មើនឹងប្រជាពលរដ្ឋ ២,២០០ គ្រួសារ និងប្រើប្រាស់អគ្គិសនីស្មើនឹង ២២,០០០ គ្រួសារប្រើប្រាស់ក្នុងមួយថ្ងៃ។ នៅដើមឆ្នាំ២០២៦ នេះ ការតវ៉ាជាសាធារណៈលើកដំបូងបង្អស់បានផ្ទុះឡើងនៅក្នុងតំបន់ Iskandar Puteri រដ្ឋចូហ័រ ដោយសារប្រជាពលរដ្ឋបារម្ភពីការធ្លាក់ចុះនៃសម្ពាធទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងក្រសួងពាក់ព័ន្ធ បានសម្រេចផ្អាក ឬកាត់បន្ថយការអនុញ្ញាតលើគម្រោង មជ្ឈមណ្ឌលទិន្នន័យណាដែលមិនពាក់ព័ន្ធនឹង AI (Non-AI Data Centers) ឬគម្រោងណាដែលប្រើប្រាស់ប្រភពទឹកខ្លាំងពេក។ បន្ថែមពីនេះ អាជ្ញាធរក៏បានដាក់ចេញនូវវិធានការប្រាក់ពិន័យលើក្រុមហ៊ុនណាដែលស្នើសុំការបម្រុងទុកថាមពលអគ្គិសនី និងទឹកលើសពីការប្រើប្រាស់ជាក់ស្តែងផងដែរ។

ក្រុមអ្នកវិភាគបច្ចេកវិទ្យាបានរំលេចថា ការរឹតបន្តឹងស្តង់ដារ និងវិធានការការពារបរិស្ថានរបស់ម៉ាឡេស៊ីនាពេលនេះ អាចនឹងធ្វើឱ្យលំហូរទុនវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ AI ចាប់ផ្តើមបង្វែរទិសដៅទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ានផ្សេងទៀត ដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី ជាដើម ដែលកំពុងប្រញាប់ប្រញាល់រៀបចំហេដ្ឋារចនាសម្ព័ន្ធទទួលស្វាគមន៍ទុនវិនិយោគទាំងនេះ៕