Nvidia ចាប់ដៃ SK Group ប្រកាសគម្រោង AI មហិមាជាង ៥០០ពាន់លានដុល្លារ និងពង្រីកមជ្ឈមណ្ឌលទិន្នន័យនៅកូរ៉េខាងត្បូង
25-07-2026 10:54
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Nvidia និងក្រុមហ៊ុន SK Group របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសចាប់ដៃគ្នាក្នុងគំនិតផ្ដួចផ្ដើម AI ដ៏ធំសម្បើមមួយ ដែលមានតម្លៃរហូតដល់ទៅជាង ៥០០ ពាន់លានដុល្លារ។ កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះ នឹងផ្តោតលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតធំ និងការអភិវឌ្ឍបច្ចេកវិទ្យាអង្គចងចាំ (Memory) ជំនាន់ក្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
ផ្អែកលើកិច្ចព្រមព្រៀងនេះ Nvidia នឹងចុះកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយ SK Hynix ដែលជាក្រុមហ៊ុនផលិតអង្គចងចាំធំបំផុតមួយក្នុងលោក ដើម្បីផលិត និងផ្គត់ផ្គង់អង្គចងចាំល្បឿនលឿន (High-Bandwidth Memory - HBM) ជូន Nvidia។ អង្គចងចាំជំនាន់ថ្មីនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺន AI (AI training), ប្រព័ន្ធ AI ស្វ័យប្រវត្តិ (AI agents) និងបច្ចេកវិទ្យា Physical AI (AI ដែលបញ្ជាលើគ្រឿងយន្ត និងរ៉ូបូត)។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន SK Telecom មានផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដ៏មហិមា កម្លាំង ២ ហ្គីហ្គាវ៉ាត់ (2-gigawatt) ដោយបំពាក់នូវឈីបស្ថាបត្យកម្មជំនាន់ថ្មី Vera Rubin របស់ Nvidia រួមជាមួយអង្គចងចាំល្បឿនលឿន HBM4 របស់ SK Hynix។ តាមការបញ្ជាក់ពី Nvidia គម្រោងមជ្ឈមណ្ឌលទិន្នន័យដំបូងគេ ត្រូវបានរំពឹងថានឹងបើកឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៧។
ក្រៅពីកិច្ចព្រមព្រៀងធំនេះ ក្រុមហ៊ុន Nvidia ក៏បានឱ្យដឹងបន្ថែមថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ Naver និងក្រុមហ៊ុនវិនិយោគ Brookfield ក្នុងការបន្តពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI របស់ Naver នៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ថែមទៀតផងដែរ។ ជំហាននេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីយុទ្ធសាស្ត្ររបស់ Nvidia ក្នុងការប្រែក្លាយកូរ៉េខាងត្បូងឱ្យទៅជាមជ្ឈមណ្ឌលស្នូលនៃហេដ្ឋារចនាសម្ព័ន្ធ AI ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី៕










