គ្រូបង្វឹក Pep បដិសេធសំណើដឹកនាំក្រុមជម្រើសជាតិអ៉ីតាលី ទោះឱ្យប្រាក់ខែថ្លៃយ៉ាងណាក៏ដោយ
25-07-2026 13:51
(បរទេស)៖ គ្រូបង្វឹកលំដាប់ world class គឺលោក Pep Guardiola បានសម្រេចចិត្តបោះបង់ឱកាស ក្នុងការដឹកនាំ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បើទោះបីជាផ្តល់ថ្លៃពលកម្មខ្ពស់យ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា បុរសសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានបដិសេធពីសំណើឱ្យដឹកនាំក្រុមអាសូរីអ៉ីតាលី ដូចទៅនឹងលោក Carlo Ancelotti ដែលបានកំពុងដឹកនាំសាំបាប្រេស៊ីលដូចគ្នា។
ការផ្តល់ប្រាក់ខែខ្ពស់ នាំឱ្យសហព័ន្ធបាល់ទាត់នៃប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ (FIGC) អាចជាកត្តាមានឥទ្ធិពល និងបញ្ចុះបញ្ចូលលោក Pep ដែលពួកគេគិតថា ជាគ្រូបង្វឹកដ៏ស័ក្តិសមផងនោះ ក៏ប៉ុន្តែក្រោយពីការជួបទល់មុខ និងសញ្ជឹងគិតរួចមក លោក Pep បានឆ្លើយថា «ទេ» ប៉ុណ្ណោះ។
អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំជោគជ័យក្នុងក្លិប FC Barcelona, Bayern Munich និងចុងក្រោយ Manchester City បានទំនេរពីការងារ ក្រោយលាឈប់ដឹកនាំក្រុមមេឃខៀវ នៅពេលបញ្ចប់រដូវកាល ២០២៥-២៦ កាលពីអំឡុងខែ ឧសភា ឆ្នាំ២០២៦ ដោយឈ្នះ ១៧ពានសរុប បន្ទាប់ពីដឹកនាំ ១០ឆ្នាំកន្លងមក។
ទោះជាយ៉ាងណា អ៉ីតាលី ដែលបានខកខាន World Cup ៣សម័យកាលជាប់ៗគ្នា ក្នុងនាមអតីតជើងឯក ៤លើកផងនោះ នៅតែបន្តខ្វះគ្រូបង្វឹកបង្កោលដដែល គ្រាដែល FIGC បានកំពុងពិចារណាបេក្ខភាព Andrea Pirlo ដែលកំពុងដឹកនាំក្លិប Dubai FC របស់អារ៉ាប់រួម ដើម្បីដឹកនាំអ៉ីតាលីលេងពាន Nations League ដែលស្ថិតក្នុងពូលជាមួយ បារាំង ប៊ែលហ្ស៊ិក និងតួកគីយ៉េ និងស្វែងរកកៅអីលេងពានអឺរ៉ុប UEFA Euro 2028 ថែមទៀតផង៕



