ក្រុមហ៊ុន Qualcomm ប្រកាសឡើងថ្លៃឈីបស្មាតហ្វូនក្នុងកម្រិតពីរខ្ទង់ ដោយសារវិបត្តិថ្លៃដើម!
25-07-2026 14:17
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូនកំពូលរបស់អាមេរិក Qualcomm បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ក្រុមអតិថិជនរបស់ខ្លួនថា ខ្លួននឹងដំឡើងថ្លៃផលិតផលក្នុងអត្រាភាគរយកម្រិតពីរខ្ទង់ (Double digits) ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃថ្លៃដើមផលិតកម្ម។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg News ដោយផ្អែកលើលិខិតដែលផ្ញើជូនអតិថិជន ហើយការដំឡើងថ្លៃនេះ នឹងចាប់ផ្ដើមអនុវត្តចំពោះរាល់ផលិតផលទាំងឡាយណាដែលដឹកជញ្ជូនចាប់ពី ថ្ងៃទី១ ខែកញ្ញា តទៅ។
យោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងលិខិតនោះ Qualcomm បានពន្យល់ប្រាប់អតិថិជនថា ក្រុមហ៊ុនមិនអាចបន្តរ៉ាប់រង ឬជ្រែកទប់ទល់នឹងការកើនឡើងនៃថ្លៃដើមពីសំណាក់អ្នកផ្គត់ផ្គង់បានទៀតនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនថែមទាំងបានពុះពារស្វែងរកសមាសភាគជំនួសពីអ្នកផ្គត់ផ្គង់ថ្មីៗផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណា ខាងតំណាង Qualcomm បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ ហើយភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបាននៅឡើយដែរ។
ការសម្រេចចិត្តដំឡើងថ្លៃនេះ បានកើតឡើងក្នុងពេលដែល Qualcomm កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនសកល។ ទីផ្សារនេះកំពុងរងការរាំងស្ទះ និងជួបវិបត្តិខ្វះខាតឈីបអង្គចងចាំ (Memory chip) យ៉ាងធ្ងន់ធ្ងរ ដោយសារតែលំហូរទុនវិនិយោគភាគច្រើននៅលើពិភពលោក ត្រូវបានពង្វាងទិសដៅទៅកាន់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) វិញ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Qualcomm ត្រូវបានគេរំពឹងថានឹងប្រកាសរបាយការណ៍លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ របស់ខ្លួនជាផ្លូវការនៅ ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដែលពិភពបច្ចេកវិទ្យាកំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ ជុំវិញផលប៉ះពាល់នៃការដំឡើងថ្លៃនេះទៅលើទីផ្សារស្មាតហ្វូនសកល៕















