សហព័ន្ធគាំទ្រឆន្ទៈដ៏មោះមុតរបស់កីឡាករម៉ូតូស្ព័រកម្ពុជា មុនចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ប្រចាំម៉ាឡេស៊ី ចុងខែនេះ

25-07-2026 14:45

(ភ្នំពេញ)៖ សហព័ន្ធកីឡាយានយន្តកម្ពុជា បានបង្ហាញការគាំទ្រ ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់កីឡាករម៉ូតូស្ព័រឆ្នើមរបស់កម្ពុជា ឈឹម ពិសិដ្ឋ ដែលត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ថ្នាក់អន្តរជាតិធំជាងគេរបស់ប្រទេសម៉ាឡេស៊ី (Malaysia Superbike Champion) ជុំទី៣ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហាខាងមុខ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបំពេញបេសកកម្មតំណាងជាតិខាងលើ នៅថ្ងៃសៅរ៍នេះ កីឡាករ ឈឹម ពិសិដ្ឋ បានឲ្យដឹងថា ការប្រកួតលើកនេះ ខុសពីសព្វដងដែលខ្លួនធ្លាប់ចូលរួម គឺជាការប្រណាំងកម្រិតខ្ពស់លើម៉ូតូកម្រិត 1000cc បន្ទាប់ពីគណៈកម្មការរៀបចំបានវាយតម្លៃគុណផល ដែលកីឡាករកម្ពុជារូបនេះ ធ្វើបានល្អលើវិញ្ញាសាម៉ូតូកម្រិត 600cc កាលពីឆ្នាំមុន។

ការដំឡើងវិញ្ញាសាកម្រិតខ្ពស់នេះ គឺជាបទពិសោធន៍ថ្មីមួយ ហើយព្រឹត្តិការណ៍ដែលប្រជុំដោយកីឡាករខ្លាំងៗប្រចាំប្រទេសម៉ាឡេស៊ី និងកីឡាករអាជីពមកពីក្នុងទ្វីប គឺជាឧបសគ្គធំមួយដែលជំរុញឲ្យ ពិសិដ្ឋ ផ្ដោតការខំប្រឹងកាន់តែខ្លាំង ពិសេសប្រើប្រាស់បច្ចេកទេសដោយប្រុងប្រយ័ត្នបំផុត ដើម្បីឈានទៅសម្រេចគោលដៅ និងឆន្ទៈរបស់ខ្លួន ក្នុងការធ្វើឲ្យគម្លាតពីគូប្រជែងមិនឲ្យឆ្ងាយគ្នាពេក ទោះបីខ្លួនមិនសូវមានឱកាសហាត់ច្រើនដូចគូប្រជែងលើទីលានស្ដង់ដារអន្ដរជាតិក្ដី។

បន្ថែមលើនេះ សមាជិកក្លិប Mekong motorcycle club ដដែល បានសង្កត់ធ្ងន់ថា ការចូលរួមនេះក៏ជាមោទនភាពមួយ ក្នុងនាមកីឡាករតំណាងជាតិ ព្រោះរាល់ពេលបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កម្រិតអន្ដរជាតិនេះម្ដងៗ តែងធ្វើឲ្យបណ្ដាប្រទេសចូលរួម មានការភ្ញាក់ផ្អើលថា កម្ពុជាក៏មានកីឡាករម៉ូតូ Superbike ចូលរួមដែរ។ នេះគឺជាកម្លាំងចិត្តមួយដ៏សំខាន់ដែលធ្វើឲ្យ ពិសិដ្ឋ ខិតខំហ្វឹកហាត់ ដើម្បីមានឱកាសចូលរួម ហើយរូបគេក៏អរគុណដល់បណ្ដាដៃគូឧបត្ថម្គ ដែលបានគាំទ្រ និងលើកទឹកចិត្តដល់ខ្លួនផងដែរ។

ជាមួយការត្រៀមលក្ខណៈដ៏ល្អ ប្រកបដោយឆន្ទៈដ៏មោះមុតនេះដែរ លោក ខៃ វណ្ណៈ អគ្គលេខាធិការសហព័ន្ធបានបង្ហាញការគាំទ្រពេញទំហឹង ទោះបីសហព័ន្ធបានដឹងពីកម្រិតសមត្ថភាពកីឡាករកម្ពុជា តែការតាំងចិត្តមិនធ្វើឲ្យមានគម្លាតឆ្លាយពេកពីគូប្រជែងខ្លាំងៗក្នុងព្រឹត្តិការណ៍កម្រិតអន្ដរជាតិដ៏ធំនេះ មិនមែនជារឿងធម្មតាឡើយ ហើយលោកក៏សង្ឃឹមថា ពិសិដ្ឋ នឹងអាចធ្វើបាន និងទទួលបានលើសពីបទពិសោធន៍ ក្នុងការបោះជំហានថ្មី ឈានទៅរកការប្រកួតកម្រិតខ្ពស់បន្ដបន្ទាប់ទៀតនាថ្ងៃអនាគត៕