សោកស្ដាយ! ក្រុមបាល់ទះកម្ពុជា អស់ឱកាសដណ្ដើមពាន SEA V.Cup ជើងទី២ នៅឥណ្ឌូនេស៊ី

25-07-2026 17:03

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានអស់ឱកាសដណ្ដើមពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍យ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយបរាជ័យទល់ក្រុមថៃ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ១៨-២៥, ១៩-២៥ និង ១៨-២៥ នៅរសៀលថ្ងៃទី២៥ ខែកក្កដានេះ។

យ៉ាងណាមិញក្រុមជម្រើសជាតិកម្ពុជា នៅសល់ ១ប្រកួតទៀត ដើម្បីប្រជែងចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ដដែលនេះ ទល់នឹងក្រុមចាញ់ រវាងជlក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងវៀតណាម ដែលត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាវេលាម៉ោង ៧យប់នេះ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនារសៀលថ្ងៃទី២៦ ខែកក្កដាស្អែក។

ទោះបីមិនអាចឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងជើងឯកជាថ្មី តែក្រុមបាល់ទះកម្ពុជា បានបង្ហាញសមិទ្ធផលគួរឲ្យភ្ញាក់ផល សម្រាប់ការបង្ហាញខ្លួនលើកទី២ ក្នុងពានរង្វាន់បាល់ទះប្រចាំតំបន់ ពិសេសការប្រកួត SEA V.Cup ជើងទី១ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ដែលកម្ពុជាបានឈ្នះជើងឯក ក្រោយយកឈ្នះក្រុមខ្លាំងៗ ទាំងថៃ និងឥណ្ឌូនេស៊ីផងដែរ៕