ក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទះ «សេនាតេជោសន្តិភាព»

26-07-2026 13:41

(ភ្នំពេញ)៖ លោក ជិន ម៉ាលី រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅរសៀលថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះពានរង្វាន់ «សេនាតេជោ សន្តិភាព» នៅបរិវេណសាលប្រកួតបាល់ទះ នៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ដែលរៀបចំដោយក្រុមសេនាតេជោសន្តិភាព ដឹកនាំដោយ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោប្រធានព្រឹទ្ធសភា។

ការប្រកួតពានរង្វាន់បាល់ទះនេះ បានបញ្ចប់ដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ខណៈក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ ស្នងការនគរបាលរាជធានីភ្នំពេញ ទទួលបានលេខ២ និង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ៣។

គួរជម្រាបថា នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៤៖០០នាទីរសៀល ក្រុមសេនាតេជោសន្តិភាព សហការជាមួយគណៈកម្មការរៀបចំ ការប្រកួតសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការរៀបចំកម្មវិធីបិទការប្រកួតដណ្តើមពានរង្វាន់បាល់ទះ សេនាតេជោសន្តិភាព ជ័យលាភីលេខ១ និងលេខ ២ រវាងក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីដណ្ដើមពានរង្វាន់លេខ១ និងលេខ២៕