យល់ដឹងផ្នែកច្បាប់៖ ប្រធានបទស្តីពី «ភតិសន្យាពិសេស»

26-07-2026 14:11

(ភ្នំពេញ)៖ ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងការអប់រំនាពេលបច្ចុប្បន្ន បានជំរុញឱ្យមានការបម្លាស់ទីយ៉ាងគំហុកពីសំណាក់សិស្ស និស្សិត និងកម្មករ ពីបណ្តាខេត្តមកធ្វើការ និងបន្តការសិក្សានៅតាមទីប្រជុំជន ដែលធ្វើឱ្យកំណើនតម្រូវការផ្ទះជួល ឬបន្ទប់ជួលមានការកើនឡើងយ៉ាងខ្លាំង ។ ដោយឈរលើមូលដ្ឋាននេះ នៅអំឡុងឆ្នាំ២០១៥ ច្បាប់ស្តីពីភតិសន្យាពិសេស ត្រូវបានអនុម័តក្នុងគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ភតិបតី (អ្នកឱ្យជួល) ជាពិសេសភតិកៈ (អ្នកជួល) ដែលជាភាគីងាយរងគ្រោះ នៃកិច្ចសន្យា។

ហេតុនេះ តើអ្វីទៅជាភតិសន្យាពិសេស? ហើយការបង្កើតភតិសន្យាពិសេសនេះ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?​

ដើម្បីបកស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយក ប្រធានបទស្តីពី «ភតិសន្យាពិសេស» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា។

ផ្អែកតាមបទប្បញ្ញត្តិក្នុងមាត្រា ៤ កថាខណ្ឌទី១ នៃច្បាប់ស្តីពីភតិសន្យាពិសេស បានឱ្យនិយមន័យ ភតិសន្យាពិសេស គឺសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថាភតិបតីឱ្យភាគីម្ខាងទៀតដែលជាកម្មករ សិស្ស និស្សិត ហៅថា ភតិកៈប្រើប្រាស់ក្នុងការស្នាក់នៅដោយយកថ្លៃ។ ក្នុងន័យនេះ ភតិបតី សំដៅដល់អ្នកប្រកបរបរជួលជាលក្ខណៈអាជីពរីឯ ភតិកៈ សំដៅដល់កម្មករ សិស្ស និស្សិត ហើយកម្មវត្ថុនៃការជួល គឺជាការជួលបន្ទប់ស្នាក់នៅ។

ភតិសន្យាពិសេស គឺជាទម្រង់នៃកិច្ចសន្យាជួលអចលនវត្ថុ ដែលតម្រូវឱ្យភាគីនៃកិច្ចសន្យា អនុលោមតាមលក្ខខណ្ឌទាក់ទិននឹងការបង្កើត អានុភាព និងការរំលាយកិច្ចសន្យា ដូចមានចែងលម្អិតខាងក្រោម៖

លក្ខណៈនៃកិច្ចសន្យានេះ ដើម្បីអាចបង្កើតឡើងដោយមានសុពលភាពស្របច្បាប់ ត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមានសេចក្តីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់ នៃទីតាំងអចលនវត្ថុជួល (មាត្រា៥ កថាខណ្ឌទី១ នៃច្បាប់នេះ) ។ ចំពោះថិរវេលា ភតិសន្យាពិសេសមានអត្ថិភាពក្នុងអំឡុងពេលមិនតិចជាង ២ (ពីរ) ឆ្នាំ ។ ប៉ុន្តែ ក្នុងករណីដែលត្រូវបានធ្វើឡើងដោយពុំមានកំណត់អំឡុងពេល ឬមានកំណត់អំឡុងពេលតិចជាង ២ (ពីរ) ឆ្នាំ ត្រូវចាត់ទុកថា ភតិសន្យាពិសេសនោះមានអត្ថិភាពក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំពេញ ។ (មាត្រា៦ នៃច្បាប់នេះ)

បន្ថែមពីនេះ មាត្រា ៨ នៃច្បាប់ដដែល បានបញ្ជាក់បន្ថែមអំពីអានុភាពនៃភតិសន្យាពិសេសថា «ក្នុងអំឡុងពេលដែលភតិសន្យាពិសេសមានអានុភាពអនុវត្ត ភតិបតីមិនអាចតម្លើងថ្លៃឈ្នួលបានឡើយ»។

ឧទាហរណ៍៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ និស្សិត ក បានចុះកិច្ចសន្យាជួលបន្ទប់ស្នាក់នៅមួយកន្លែងពីលោក ខ ក្នុងតម្លៃ ៥០ ដុល្លារអាមេរិក ក្នុងមួយខែ ។ កិច្ចសន្យានេះ បានធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមានសេចក្តីបញ្ជាក់របស់មេឃុំត្រឹមត្រូវ ប៉ុន្តែភាគីបានកំណត់រយៈពេលត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ ។ ដូច្នេះ ច្បាប់ចាត់ទុកថាកិច្ចសន្យានេះ មានសុពលភាពរយៈពេល ២ ឆ្នាំពេញ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ។ ម្យ៉ាងទៀតក្នុងអំឡុងពេល ២ ឆ្នាំពេញនេះ និស្សិត ក នៅតែរក្សាតម្លៃបង់បន្ទប់ ៥០ ដុល្លារអាមេរិក ក្នុងមួយខែដដែល ដោយលោក ខ គ្មានសិទ្ធិតម្លើងថ្លៃឈ្នួលតាមការប្រែប្រួលសេដ្ឋកិច្ច ឬតម្លៃទីផ្សារឡើយ ។

ក្រៅពីលក្ខខណ្ឌនៃការបង្កើត និងអានុភាពនៃកិច្ចសន្យា ច្បាប់ដដែលនេះ ក៏បានកំណត់អំពីមូលហេតុនៃការរំលាយ កិច្ចសន្យា ដែលអាចធ្វើឡើងតាមមូលហេតុដូចខាងក្រោម៖

១. ការរំលាយកិច្ចសន្យាដោយភតិបតី៖ ភតិបតី មានសិទ្ធិរំលាយបានតែក្នុងករណីណាមួយដូចតទៅ៖

- ភតិកៈមិនបង់ថ្លៃឈ្នួល ២ (ពីរ) ដង ជាបន្តបន្ទាប់ ដោយគ្មានមូលហេតុសមស្រប។

- ភតិកៈប្រើប្រាស់ និងអាស្រ័យផលលើវត្ថុជួលខុសពីគោលបំណងនៃការជួល។

- ភតិកៈដោយចេតនាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ច្រើនលើក និងបង្កឱ្យមានឥទ្ធិពលធ្ងន់ធ្ងរដល់ជីវភាពរស់នៅជាប្រក្រតីរបស់អ្នកនៅជុំវិញ​។

- បន្ទប់ជួលស្នាក់នៅ ត្រូវជួសជុលធំៗ ឬសាងសង់ជាថ្មីតាមបញ្ជារបស់អាជ្ញាធរធម្មានុរូប។

២. ការរំលាយកិច្ចសន្យាដោយភតិកៈ៖ ភតិកៈមានសិទ្ធិរំលាយកិច្ចសន្យានៅពេលណាក៏បាន។

សរុបសេចក្តីមក ភតិសន្យាពិសេស ត្រូវបានបង្កើតឡើងបំពេញបន្ថែមលើភតិសន្យាទូទៅដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ដោយផ្តល់នូវកិច្ចការពារបន្ថែម រួមទាំងបានកំណត់យ៉ាងជាក់លាក់នូវ ភាគី កម្មវត្ថុ លក្ខណៈនៃកិច្ចសន្យា អត្ថិភាពនៃការជួល និងមូលហេតុក្នុងការរំលាយកិច្ចសន្យា ដើម្បីរក្សាស្ថិរភាពក្នុងជីវភាពរស់នៅ និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ។

រៀបរៀងដោយ៖ កញ្ញាមេធាវី គន្ធ វិជិតា និងកញ្ញា ណាត ម៉ាណែត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕