ក្រុមបាល់ទះកម្ពុជា បញ្ចប់ការប្រកួត SEA V.Cup ជើងទី២ ជាមួយកំណត់ត្រាថ្មី ក្រោយជោគជ័យនៅជើងទី១

26-07-2026 17:53

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីរងបរាជ័យទល់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១-៣សិត ជាមួយពិន្ទុ ១៨-២៥, ២៥-១៩, ២០-២៥ និង ២៤-២៦ នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ។

ទោះមិនអាចបន្ថែមកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី ក្នុងការដណ្ដើមជើងឯក ដូចកាលពីជើងទី១ នៅក្នុងរដូវកាលនេះក្ដី តែក្រុមបាល់ទះកម្ពុជា បានសម្រេចនូវសមិទ្ធផល និងកំណត់ត្រាថ្មី បើធៀបនឹងការប្រកួតជើងទី១ ក៏ដូចជាជើងទី២ កាលពីរដូវកាលមុន ដោយអាចប្រកួតប្រជែងដ៏ស្វិតស្វាញ មានឈ្នះចាញ់ទៅវិញទៅមក មុនទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំការប្រកួតជើងទី២ នៃពានរង្វាន់ SEA V.Cup 2026។

យ៉ាងណាក្ដី ក្រុមបាល់ទះកម្ពុជា នៅតែទទួលបានការសាទរ កោតសរសើរ និងមានមោទនភាពជាខ្លាំង សម្រាប់ការបង្កើតប្រវត្តិសាស្ដ្រថ្មីគ្រងជើងឯកលើកដំបូង ក្នុងការប្រកួតពានរង្វាន់ SEA V.Cup 2026 កាលពីជើងទី១ នៅប្រទេសហ្វីលីពីន ហើយក៏ទទួលបានការឧបត្ថម្ភថវិកាប្រមាណជាង ៣ម៉ឺនដុល្លារពីវិស័យឯកជនផងដែរ៕