ក្រុមហ៊ុន Nvidia ពិភាក្សាផ្តល់កម្ចីធានា ២៥០ពាន់លានដុល្លារ ដល់ OpenAI លើគម្រោងមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ

27-07-2026 09:40

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia កំពុងស្ថិតក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីផ្តល់ការធានាផ្នែកហិរញ្ញវត្ថ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៥០ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន OpenAI។ កញ្ចប់ថវិកានេះ នឹងត្រូវយកទៅសាងសង់មជ្ឈមណ្ឌលទិន្នន័យថាមពល AI ដ៏មហិមានៅភាគខាងត្បូងរដ្ឋ Ohio សហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal និង Reuters នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

គម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពផលិតថាមពលរហូតដល់ ១០ ជីហ្កាវ៉ាត់នេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនថាមពលចំណុះឱ្យបុត្រសម្ព័ន្ធរបស់ SoftBank។ ការវិនិយោគសរុបនៃគម្រោងនេះ ត្រូវគេប្រ៉ាន់ប្រមាណថាអាចនឹងកើនឡើងលើសពី ៥០០ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ AI។ មូលហេតុចម្បងដែលនាំឱ្យមានកិច្ចព្រមព្រៀងនេះ គឺដោយសារក្រុមហ៊ុន OpenAI មិនទាន់មានចំណាត់ថ្នាក់ឥណទានកម្រិតវិនិយោគ ដែលជាហេតុធ្វើឱ្យការស្វែងរកទុនកម្ចីពីស្ថាប័នហិរញ្ញវត្ថុមានផលវិបាក។ ការចូលខ្លួនមកធ្វើជាអ្នកធានារបស់ Nvidia នឹងជួយសម្រួលឱ្យដៃគូហិរញ្ញវត្ថុ និងម្ចាស់បំណុលហ៊ានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប ព្រមទាំងកាត់បន្ថយហានិភ័យសម្រាប់ដំណើរការសាងសង់ និងកិច្ចសន្យាជួលរយៈពេលវែង។

គួរជម្រាបថា សកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់របស់ OpenAI ក្នុងការបោះជំហានទៅកាន់ការគ្រប់គ្រង និងម្ចាស់ការលើហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រផ្ទាល់ខ្លួន ជំនួសឱ្យការជួលសមត្ថភាពដំណើរការពីក្រុមហ៊ុនផ្តល់សេវាក្លោដធំៗដូចជា Microsoft, Amazon ឬ Oracle ដែលធ្លាប់បានធ្វើនាពេលកន្លងមក។ តាមផែនការ ដំណាក់កាលទីមួយនៃមជ្ឈមណ្ឌលទិន្នន័យ Ohio នេះ ត្រូវបានរំពឹងថានឹងបញ្ចប់ និងចាប់ផ្តើមផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងកម្រិត ៨០០ មេហ្កាវ៉ាត់នៅត្រឹមឆ្នាំ ២០២៨។ ទោះជាយ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនទាំងពីរមិនទាន់បានចេញមុខបញ្ជាក់ជាផ្លូវការនៅឡើយទេ ហើយកិច្ចពិភាក្សានៅតែបន្តប្រព្រឹត្តទៅ ដោយលក្ខខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀងអាចជួបការផ្លាស់ប្តូរ ឬមិនទាន់ត្រូវបានបញ្ចប់នៅឡើយ៕