Miura កីឡាករចាស់ជាងគេរបស់ FIFA រកបានគ្រាប់បាល់ដំបូង គិតចាប់ពីឆ្នាំ២០២២

27-07-2026 09:47

(បរទេស)៖ Kazuyoshi Miura ដែលត្រូវបានសហព័ន្ធបាល់ទាត់ FIFA ចាត់ទុកជាកីឡាករចាស់ជាងគេលើលោកនា ពេលបច្ចុប្បន្ននេះ ផ្តើមរកបានគ្រាប់ដំបូងស្ថិតក្នុងវ័យ ៥៩ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

១គ្រាប់របស់កីឡាករនិម្មិតរូបជប៉ុន Miura នេះដែរ ក្រោយខកខានរកបានគ្រាប់បំប៉ោងសំណាញ់ទីជិត ៤ឆ្នាំមកនេះ គឺបានកើតឡើងនៅនាទី៥២ នៅពេលក្រុម Fukushima បានយកឈ្នះគូប្រជែង Iwaki Furukawa ៧-០ ក្នុងពានរង្វាន់ Emperor’s Cup 2026 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

វាជាគ្រាប់បាល់ដំបូងនៅក្នុងការប្រកួតលក្ខណៈអាជីពរបស់ Miura គិតចាប់តាំងពីរកបានគ្រាប់បាល់ឱ្យក្រុម Suzuka PG ដែលបច្ចុប្បន្នប្តូរមក Atletico Suzuka ដែលលេងទល់នឹង FC Osaka កាលអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។ នៅជប៉ុនលោកត្រូវបានគេដាក់រហស្សនាមថា «King Kazu» ដែលជាអ្នកស្រឡាញ់បាល់ទាត់ដ៏ស្មោះស្ម័គ្រមួយរូប គិតចាប់តាំងពី J League ត្រូវបានបង្កើតឡើងកាលឆ្នាំ១៩៩៣។

Miura បានលេងក្នុងរដូវកាលទី៤២ របស់លោក ក្រោយពេលបន្តកិច្ចសន្យាខ្ចីជើងនៅក្លិប Fukushima ពីក្របខណ្ឌ J2 League នៃក្លិប Yokoham FC រហូតដល់ខែមិថុនា ឆ្នាំ២០២៧។

រូបលោករកបាន ៥៥គ្រាប់ ពីការចូលលេងបាន ៨៩ប្រកួតផងដែរ សម្រាប់ក្រុមជម្រើសជាតិសាម៉ូរៃខៀវជប៉ុន និងមានគោលដៅលេងឱ្យបានដល់អាយុ ៦០ឆ្នាំ ទើបប្រកាសចូលនិវត្តន៍៕