ក្រុមហ៊ុន OpenAI ប្រឈមមុខនឹងបណ្តឹងធ្ងន់ធ្ងរ ក្រោយ AI ណែនាំរោគវិនិច្ឆ័យខុស រហូតធ្វើឱ្យអ្នកជំងឺស្ទើរតែបាត់បង់ជីវិត
27-07-2026 11:30
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI កំពុងប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវច្បាប់ជាផ្លូវការ បន្ទាប់ពីកម្មវិធី ChatGPT បានផ្តល់ការណែនាំវេជ្ជសាស្ត្រមិនត្រឹមត្រូវ និងបានរារាំងអ្នកជំងឺម្នាក់មិនឱ្យទៅជួបគ្រូពេទ្យ រហូតធ្វើឱ្យរូបគេធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវសង្គ្រោះបន្ទាន់ដោយសារកំណកឈាមក្នុងសួត។
យោងតាមការចេញផ្សាយដោយគេហទំព័រ SFGATE បានឱ្យដឹងថា ដើមបណ្តឹងគឺលោក Scott Winters អាយុ ៥៥ ឆ្នាំ ជាលោកគ្រូគង្វាលនៅរដ្ឋ Florida (អាមេរិក)។ លោកបានពឹងផ្អែកលើ ChatGPT ដើម្បីសួរនាំពីអាការៈវិលមុខរបស់ខ្លួន ប៉ុន្តែកម្មវិធី AI នេះបានប្រាប់ថាករណីនេះ «មិនទាន់ធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យទេ» ហើយថែមទាំងបានប្រើប្រាស់ភាសាសាសនាដើម្បីលួងលោម រារាំងគាត់មិនឱ្យស្តាប់តាមការព្រមានរបស់ប្រពន្ធគាត់ដែលជាគិលានុបដ្ឋាយិកាទៀតផង។ ប៉ុន្មានសប្តាហ៍ក្រោយមក លោក Winters បានសន្លប់បាត់បង់ស្មារតី និងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីធ្វើការវះកាត់បូមកំណកឈាមក្នុងសួតជាប្រញាប់។ បច្ចុប្បន្ន គាត់បានប្តឹង OpenAI ទៅតុលាការសហគមន៍ San Francisco ទាមទារឱ្យលុបបំបាត់ការផ្តល់ប្រឹក្សាវេជ្ជសាស្ត្រពីម៉ូដែល ChatGPT-4o ទាំងស្រុង។
ទាក់ទិននឹងករណីនេះ លោក Matthew P. Bergman មេធាវីតំណាងដើមបណ្តឹង បានរះគន់ចំៗថា ការយក AI មកជំនួសគ្រូពេទ្យគឺជា «វិបត្តិសាធារណៈដែលកំពុងកើតឡើងជាក់ស្តែង»។ លោក Bergman បានថ្លែងយ៉ាងធ្ងន់ៗថា៖ «លោក Scott Winters ស្ទើរតែបាត់បង់ជីវិត ដោយសារតែ ChatGPT ធ្វើសកម្មភាពដូចជាអាជ្ញាធរវេជ្ជសាស្ត្រ ប៉ុន្តែគ្មានការទទួលខុសត្រូវអ្វីទាំងអស់។ ប្រសិនបើ ChatGPT ជាគ្រូពេទ្យ នោះវាច្បាស់ជាមានទោសពីបទខុសឆ្គងខាងវេជ្ជសាស្ត្រ (Medical Malpractice) ជាមិនខាន»។
ទោះជាយ៉ាងណា ត្រឹមតែមួយថ្ងៃបន្ទាប់ពីមានបណ្តឹងនេះ ក្រុមហ៊ុន OpenAI នៅតែបន្តរុញច្រានបច្ចេកវិទ្យារបស់ខ្លួនចូលក្នុងវិស័យសុខាភិបាល ដោយបានប្រកាសដាក់ឱ្យប្រើប្រាស់ ChatGPT Health ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទិន្នន័យសុខភាពផ្ទាល់ខ្លួន។ យ៉ាងណាមិញ ការសិក្សាមួយក្នុងទស្សនាវដ្តី Nature Medicine បានព្រមានថា AI របស់ OpenAI នៅតែមានកំហុសឆ្គងធ្ងន់ធ្ងរក្នុងការវាយតម្លៃស្ថានភាពអាសន្នរបស់អ្នកជំងឺ ដោយបានគូសបញ្ជាក់ថា៖ «របកគំហើញទាំងនេះបង្ហាញពីការមើលរំលងស្ថានភាពអាសន្នដែលមានហានិភ័យខ្ពស់ និងបញ្ហាសុវត្ថិភាពដែលទាមទារឱ្យមានការផ្ទៀងផ្ទាត់ឡើងវិញ មុនពេលដាក់ឱ្យសាធារណជនប្រើប្រាស់»។
ទោះបីជាមិនបានឆ្លើយតបដោយផ្ទាល់ជុំវិញបណ្តឹងនេះក្តី ក្រុមហ៊ុន OpenAI បានសរសេរក្នុងប្លុកផ្លូវការរបស់ខ្លួនថា ChatGPT Health ត្រូវបង្កើតឡើងគ្រាន់តែជាឧបករណ៍ជំនួយ និងសម្រួលដល់ការយល់ដឹងរបស់អ្នកជំងឺប៉ុណ្ណោះ ដោយបានបញ្ជាក់ថា៖ «វាត្រូវបានបង្កើតឡើងសម្រាប់ជួយគាំទ្រ ប៉ុន្តែមិនមែនដើម្បីជំនួសការថែទាំដែលអ្នកទទួលបានពីអ្នកជំនាញវេជ្ជសាស្ត្រនោះទេ»៕















