យុវជនកម្ពុជាទទួលបានគន្លឹះកសាងទ្រព្យសម្បត្តិដ៏មានតម្លៃពីវាគ្មិនជំនាញក្នុងកម្មវិធី BAF Forum 3.0
27-07-2026 12:25
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបសិក្សាធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (PBAFC) បានររៀបចំកម្មវិធី BAF Forum 3.0 ក្រោមប្រធានបទ «កសាងទ្រព្យសម្បត្តិរបស់អ្នកក្នុងវ័យ ២០ ឆ្នាំ (Building Wealth in Your 20s)» នៅក្នុងបរិវេណសាកលវិទ្យាល័យផ្ទាល់ ដោយទទួលបានលទ្ធផលយ៉ាងផ្លែផ្កា និងការគាំទ្រយ៉ាងកុះករ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងជំរុញឱ្យយុវជនកម្ពុជាចេះរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់អនាគត។
នៅក្នុងដំណើរការនៃកម្មវិធី អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសំណេះសំណាល ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ការបង្កើតអាជីវកម្ម និងវិធីសាស្ត្រកសាងទ្រព្យសម្បត្តិ។ លើសពីនេះ អ្នកចូលរួមក៏ទទួលបានឱកាសដ៏ល្អក្នុងការក្រសោបយកចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅពីវាគ្មិនកិត្តិយសចំនួន ២ រូប គឺ លោក Sovannprina Kiet និង អ្នកនាង Socheata Sueng ដែលជាអ្នកជំនាញ និងមានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងវិស័យសហគ្រាស ការវិនិយោគ និងការបង្កើតមាតិកាឌីជីថល។
តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង វាគ្មិនទាំងពីរបានផ្តល់នូវទស្សនៈ និងគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងវិធីសាស្ត្របង្កើតឱកាសអភិវឌ្ឍអាជីពក្នុងយុគសម័យឌីជីថល ធ្វើឱ្យអ្នកចូលរួមទទួលបានការបំផុសគំនិត និងភាពជឿជាក់ក្នុងការរៀបចំអនាគតរបស់ខ្លួន។ មិនតែប៉ុណ្ណោះ វេទិកានេះក៏បានបើកឱកាសឱ្យសិស្ស-និស្សិតមកពីគ្រឹះស្ថានអប់រំផ្សេងៗ បានសួរសំណួរ ផ្លាស់ប្តូរទស្សនៈ និងបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំនាញផងដែរ។
គួរបញ្ជាក់ថា កម្មវិធី BAF Forum ត្រូវបានរៀបចំឡើងជាលើកទី៣ ហើយ ដោយនៅតែបន្តបេសកកម្មយ៉ាងមុតមាំក្នុងការផ្សារភ្ជាប់ចំណេះដឹងក្នុងថ្នាក់រៀនទៅនឹងការអនុវត្តជាក់ស្តែង និងលើកកម្ពស់វប្បធម៌នៃការសិក្សាអំពីហិរញ្ញវត្ថុក្នុងចំណោមយុវជន។ ភាពជោគជ័យនៃការរៀបចំកម្មវិធី BAF Forum 3.0 នេះ អាចសម្រេចទៅបានដោយសារមានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី ដេប៉ាតឺម៉ង់ធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងនាមជាអ្នកឧបត្ថម្ភថវិកា (Gold Sponsor) ព្រមទាំងមានការចូលរួមឧបត្ថម្ភជាសម្ភារ (In-kind Sponsors) ពីសំណាក់ Bakeology Phnom Penh និង THE COLLECTOR LOUNGE។
កម្មវិធី BAF Forum 3.0 បានបញ្ចប់ទៅដោយបន្សល់ទុកនូវទស្សនៈវិជ្ជមាន និងការកោតសរសើរជាច្រើនពីសំណាក់អ្នកចូលរួម។ ក្លឹបសិក្សាធនាគារ និងហិរញ្ញវត្ថុ (PBAFC) សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹង និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុដល់យុវជនកម្ពុជា ដើម្បីកសាងអនាគតមួយប្រកបដោយស្ថិរភាព និងភាពជោគជ័យ៕






