កម្ពុជា ទទួលការសរសើរពីគ្រូឥណ្ឌូនេស៊ី មុនជំនួបជើងឯកបាល់ទាត់អាស៊ាន យប់នេះ
27-07-2026 13:11
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបជម្រើសជាតិឥណ្ឌូនេស៊ី នាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងប្រកួតទី២ នៃជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ នាកីឡដ្ឋាន Pakansari ប្រទេសឥណ្ឌូនេស៊ី។
នេះការប្រកួតក្នុងពូលរបស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីប្រកួតដំបូង រងបរាជ័យទល់ក្រុមភ្ញៀវសិង្ហបុរី កាលពីថ្មីៗ តែជាការប្រកួតដំបូងរបស់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ យ៉ាងណាមុនការប្រកួតមកដល់លោក John Herdman គ្រូបង្វឹកឥណ្ឌូនេស៊ី បានសរសើរកម្ពុជា ជាក្រុមមានវិន័យ និងរបៀបលេងច្បាស់លាស់មួយ ដែលមិនអាចធ្វេសប្រហែសឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះថា ទោះបីឥណ្ឌូនេស៊ី មានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា តែលោកនៅតែគោរពដៃគូ ហើយជឿជាក់ថា កម្ពុជានឹងមានការត្រៀមលក្ខណៈកាន់តែល្អប្រសើរ បន្ទាប់ពីឆ្លងកាត់ ១ប្រកួតកន្លងមក ។ ដូច្នេះប្រកួតដំបូងនេះ គឺជាអ្វីដែលឥណ្ឌូនេស៊ី ត្រូវផ្ដោតសំខាន់ ជាងការប្រកួតបន្ទាប់ ឬការរំពឹងទុកជើងឯក។
ជាមួយគ្នាអ្នកចាំទីក្រុមគោព្រៃ កីឡាករ ហ៊ុល គឹមហ៊ុយ នៅតែជឿជាក់ ១០០% សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងដំណើរស្វែងរកជ័យជម្នះលើកដំបូង ទោះបីខ្លួនបានទទួលស្គាល់ពីកម្រិតរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺជាក្រុមខ្លាំងមួយក្នុងពូល។
សូមបញ្ជាក់ថា ក្រោយជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី រួច ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីត្រៀមការប្រកួតបន្ទាប់ ដោយត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី០៣ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជំនួបបញ្ចប់ពូល A ទល់ក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៕










