Nvidia នឹងទិញភាគហ៊ុនថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Naver ក្នុងតម្លៃ ១ពាន់លានដុល្លារ ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI
27-07-2026 14:21
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Naver បានប្រកាសនៅក្នុងឯកសារសារពើពន្ធរបស់ខ្លួននៅថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia នឹងទិញភាគហ៊ុនដែលចេញថ្មីរបស់ខ្លួនក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក (ប្រមាណ ៤.៥% នៃភាគហ៊ុនសរុប)។ ការវិនិយោគនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ដើម្បីកសាង និងពង្រីកមជ្ឈមណ្ឌលទិន្នន័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Data Center)។
តាមរយៈកិច្ចព្រមព្រៀងនេះ Nvidia នឹងទិញភាគហ៊ុនសាមញ្ញថ្មីចំនួនប្រមាណ ៧.២៤ លានភាគហ៊ុន ក្នុងតម្លៃ ២០៤,៥០០ វ៉ុនក្នុងមួយភាគហ៊ុន។ ការវិនិយោគនេះធ្វើឱ្យ Nvidia ក្លាយជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេទីបីរបស់ Naver បន្ទាប់ពីមូលនិធិនិវត្តន៍ជាតិកូរ៉េខាងត្បូង (NPS) និងក្រុមហ៊ុន BlackRock។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Naver ក៏បានប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគសកល Brookfield ដែលនឹងផ្តល់ប្រាក់កម្ចី ឬហិរញ្ញប្បទានរហូតដល់ ៩ពាន់លានដុល្លារបន្ថែមទៀត។ សរុបមក គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI នេះអាចមានទំហំទុនវិនិយោគសរុប រហូតដល់ ១០ ប៊ីលានដុល្លារអាមេរិក។
គួរជម្រាបថា មជ្ឈមណ្ឌលទិន្នន័យ AI ថ្មីនេះនឹងត្រូវបំពាក់ដោយបន្ទះឈីបជំនាន់ក្រោយរបស់ Nvidia (រួមមាន Blackwell និង Vera Rubin) ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌល GAK Sejong ក្នុងទីក្រុង Sejong ប្រទេសកូរ៉េខាងត្បូង ដោយរំពឹងថានឹងមានសមត្ថភាពថាមពលរហូតដល់ ២០០ មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០២៨។ ក្រោយការប្រកាសព័ត៌មាននៃការវិនិយោគដ៏ធំនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Naver បានស្ទុះកើនឡើងជាង ៨% ទៅ ១០% ភ្លាមៗនៅក្នុងទីផ្សារភាគហ៊ុនក្រុងស៊េអ៊ូល នៅព្រឹកថ្ងៃចន្ទនេះ៕










