ប្រែក្លាយការឈឺចាប់ជាកម្លាំង! វ័ន ម៉រ គ្រុប ប្រកាសសម្ពោធផលិតផលថ្មី «មីជាតិ ៦រសជាតិ» ដើម្បីពង្រឹងឯករាជ្យភាពផលិតផលក្នុងស្រុក មិនពឹងផ្អែកលើបរទេស
27-07-2026 14:39
(ភ្នំពេញ)៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប បានជ្រើសរើសយកថ្ងៃព្រឹត្តិការណ៍ដ៏ឈឺចាប់ គម្រប់មួយឆ្នាំ [២៤-២៨ ខែកក្កដា] ដែលថៃឈ្លានពានខ្មែរ ដើម្បីសម្ពោធផលិតផល «មីជាតិ ៦រសជាតិ» របស់គ្រួសារ វ័ន ម៉រ គ្រុប។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានថ្លែងថា ការដែលយើងសម្រេចយកថ្ងៃនេះ ប្រារព្ធនូវសមិទ្ធផលថ្មីរបស់យើង គឺចង់បញ្ជាក់ពីការឈឺចាប់ និងចងចាំមិនភ្លេចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការរំលោភបំពានដែនអធិបតេយ្យភាពពីភាគីថៃ មកលើទឹកដីនៃដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើង។ លោកជំទាវបានរំលេចឡើងវិញថា គ្រានោះភាគីថៃក៏បានសម្រេចផ្អាក និងបិទព្រំដែនជាឯកតោភាគី និងបានប្រមាថមើលងាយខ្មែរយើង ដោយឌឺដងថា មិនយូរមិនឆាប់ ខ្មែរនឹងដាច់ពោះស្លាប់ ព្រោះគេបានផ្អាកនាំចូលផលិតផលគេមកកាន់ប្រទេសយើង។
យ៉ាងណា បើតាមលោកស្រី ជឹង សុគន្ធាវី កម្មវិធីថ្ងៃនេះ មិនត្រឹមតែជាការជួបជុំធម្មតាទេ តែវាជាវេទិកាសំខាន់សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកពីវឌ្ឍនភាព និងសមិទ្ធផលជាទីមោទនៈថ្មី របស់ក្រុមគ្រួសារ វ័ន ម៉រ របស់យើងក្នុងដំណើរត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ នេះ។
ជាការពិតណាស់ ក្នុងកាលៈទេសៈបច្ចុប្បន្ន បានបង្កើតជាឱកាសថ្មីមួយសម្រាប់ផលិតផលក្នុងស្រុករបស់យើង ដើម្បីចាប់យកចំណែកទីផ្សារពីដៃគូប្រកួតប្រជែងផងដែរ។ ជាក់ស្តែង ប្រជាជនយើងមានទំនោរងាកមកគាំទ្រផលិតផលជាតិ ដើម្បីបង្ហាញពីកម្លាំងសហគមន៍ និងអត្តសញ្ញាណជាតិ។ ក្នុងចំណោមផលិតផលខ្មែរទាំងនោះ «មីជាតិ» ជាផលិតផលជាតិដែលទទួលបានការគាំទ្រ និងកោតសរសើរ ព្រោះ «មីជាតិ» មានគុណភាពល្អស្រាប់ អាចជំនួសបានយ៉ាងប្រសើរ ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តបាន។ ជាអត្តសញ្ញាណបង្កើនឡើងស្របទៅនឹងឈ្មោះក្រុមហ៊ុនមេរបស់យើង ដែលមានន័យប្រដូចទៅនឹងភាសាអង់គ្លេស WANT MORE មានន័យថា បានប្រើហើយចង់ប្រើទៀត ដោយយើងផ្ដោតសំខាន់លើរសនិយមរបស់ប្រជាជនយើង ជាមួយនឹងគុណភាពខ្ពស់ ប្រកបដោយអនាម័យជាចម្បង និងធ្វើឡើងដោយផ្ទាល់ពីរូបមន្តស្នាដៃរបស់ខ្មែរយើង ទាំងការផលិត និងការវេចខ្ចប់នៅរោងចក្រខ្មែរផ្ទាល់។
បន្ថែមពីភាពជោគជ័យកាលពីខែមីនាកន្លងមក ថ្ងៃនេះយើងបានសម្រេចនូវផលិតផលថ្មី «មីជាតិ ៦រសជាតិ»៖ រសជាតិម្ជូរគ្រឿងសាច់គោ, រសជាតិផាក់ឡូវទា, រសជាតិម្ជូរខ្ទិះបង្កង, គុយទាវសាច់ជ្រូកចិញ្ច្រាំ, មីសួរសជាតិសាច់ជ្រូកចិញ្ច្រាំ និងមីគោកពងទាប្រៃ។
ទន្ទឹមនឹងនេះ យើងមិនអាចមើលរំលងពីកត្តាប្រឈមរបស់ «មីជាតិ» ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ឱ្យបានខ្ពស់នៅក្នុងទីផ្សារ។ ការប្រឈមទាំងនេះ គឺអាចដោះស្រាយបានដោយការចូលរួមជុំគ្នា ក្នុងកំណែទម្រង់ផែនការយុទ្ធសាស្ត្រទីផ្សារនានា ដើម្បីបន្តពង្រឹងអត្តសញ្ញាណម៉ាកសញ្ញា និងថែរក្សាទំនុកចិត្តអតិថិជន ដើម្បីឈានទៅដល់ចំណុចដែលក្រុមហ៊ុនយើងចង់បាន។ នេះជាមោទនភាពដែលមានអ្នកគ្រប់គ្នាជាចំណែកនៃភាពជោគជ័យ រាល់សមិទ្ធផលសាងរួមគ្នាកន្លងមកនេះ។
លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្តីស្មោះត្រង់ និងចិត្តព្យាយាមរបស់គ្រួសាររបស់យើងទាំងអស់ ក្នុងឆ្នាំកន្លងមក។ អ្វីដែលយើងសម្រេចបាននៅពេលនេះមិនមែនដោយចៃដន្យទេ ប៉ុន្តែដោយសារតែចិត្តឧស្សាហ៍ និងការតស៊ូរបស់អ្នកទាំងអស់គ្នា។ ដូច្នេះ សូមបន្តរក្សាស្មារតីរួបរួមជាធ្លុងមួយ ខិតខំបន្តប្រឹងប្រែងបំពេញការងាររៀងៗខ្លួន និងចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធផលថ្មីថ្ងៃនេះជូនបងប្អូនញាតិមិត្តផងដែរ៕



























