សាកលវិទ្យាល័យ «ទួនហ្វា» បន្តបេសកកម្មជាងមួយសតវត្ស ពង្រឹងស្ពានអប់រំ និងវប្បធម៌កម្ពុជា–ចិន
27-07-2026 15:46
(ភ្នំពេញ)៖ ពីសាលារៀន ដែលមានប្រវត្តិជាងមួយសតវត្ស ក្នុងការបណ្តុះបណ្តាលភាសាចិននៅកម្ពុជា ទួនហ្វា បានវិវត្តខ្លួនជាបន្តបន្ទាប់ និងក្លាយជាស្ថាប័នអប់រំ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងកម្ពុជា និងចិន។
ថ្មីៗនេះ ទួនហ្វា ត្រូវបានជ្រើសរើសជាពិសេសដោយស្ថានីយ៍ទូរទស្សន៍ក្វាងចូវ ចុះផ្សព្វផ្សាយក្នុងកម្មវិធី «ថ្នាក់រៀនប្រព័ន្ធមេឌា អាស៊ីប៉ាស៊ីហ្វិក» ដោយទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែង និងមរតកអប់រំជាកេរ្តិ៍ដំណែលជាង ១០០ឆ្នាំ ក៏ដូចជាតួនាទីរបស់ទួនហ្វា ក្នុងការលើកកម្ពស់ការអប់រំភាសាចិន និងការតភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ហេរ តូប៉ូកូស្ស៊ី ដែលជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ទួនហ្វា និងជាតួអង្គសំខាន់ ក្នុងខ្លឹមសារ នៃការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ក្វាងចូវ បានមានប្រសាសន៍ថា ការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយចិន គឺជាកម្លាំងជំរុញដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីតួនាទីរបស់ទួនហ្វា ក្នុងការលើកកម្ពស់ការអប់រំភាសាចិន និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។
ជាមួយគ្នានេះ លោកបណ្ឌិត ហេរ តូប៉ូកូស្ស៊ី បានបញ្ជាក់ថា ដោយបន្តលើមូលដ្ឋានដ៏រឹងមាំនេះ និងមានការជ្រោមជ្រែង ពីសមាគមនិកាយចិនទៀជីវ នៅកម្ពុជា ទួនហ្វា បានបង្កើតជា សាកលវិទ្យាល័យ ទួនហ្វា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្នុងសម័យសកលភាវូបនីយកម្ម។
លោកបណ្ឌិត បានបន្តថា សាកលវិទ្យាល័យក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការប្រើប្រាស់ភាសាបរទេស និងការភ្ជាប់ការសិក្សាជាមួយវិស័យឧស្សាហកម្ម ដើម្បីត្រៀមនិស្សិតឱ្យក្លាយជាធនធានមនុស្ស ប្រកបដោយគុណភាព។
សាកលវិទ្យាល័យ ទួនហ្វា បានបើកទទួលចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅ និងសូមស្វាគមន៍សិស្សានុសិស្ស និងអាណាព្យាបាល មកស្វែងយល់អំពីកម្មវិធីសិក្សា អាហារូបករណ៍ និងឱកាសអភិវឌ្ឍជំនាញ ដើម្បីចាប់ផ្តើមអនាគតជាមួយស្ថាប័ន ដែលមានប្រវត្តិយូរអង្វែង និងចក្ខុវិស័យឆ្ពោះទៅអនាគត៕












