មេដាយស៊ីហ្គេម និងអាស៊ី ជាគោលដៅសំខាន់របស់កីឡាបាល់ទាត់លើតុ ក្នុងអាណត្តិទី២

27-07-2026 17:29

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានបង្ហាញផែនការយុទ្ធសាស្ដ្រជាច្រើន ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការស្វែងរកមេដាយស៊ីហ្គេម ឆ្នាំ២០២៧ និងមេដាយកម្រិតអាស៊ីជាបន្ដបន្ទាប់ទៀត។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី១ បន្ដអាណត្តិទី២ ឆ្នាំ២០២៦-២០២៣ ដែលលោកត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធបន្ដទៀត។

កីឡាបាល់ទាត់លើតុ គឺជាប្រភេទកីឡាថ្មី តែត្រូវបានចាត់ទុកជាប្រភេទកីឡាមានភាពរីកចម្រើនយ៉ាងឆាប់រហ័សលើពិភពលោក ក៏ដូចជានៅតំបន់អាស៊ី ដែលបច្ចុប្បន្នមានប្រទេសសមាជិកជាង ១០០ប្រទេស ខណៈនៅកម្ពុជា ក៏ត្រូវបានជំរុញ និងមានការរីកចម្រើនដូចគ្នា បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងកីឡាអម នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលដណ្ដើមបានមេដាយជាច្រើន រហូតបន្ដឈ្នះមេដាយកម្រិតយុវជនអាស៊ី និងកីឡាឆ្នេរខ្សាច់អាស៊ីជាដើម។

លោក វ៉ាត់ ចំរើន បន្ដថា ដោយសារភាពរីកចម្រើននេះ បានធ្វើឲ្យក្រុមប្រឹក្សាអូឡាំពិកអាស៊ី សម្រេចដាក់បញ្ចូលកីឡានេះ ក្នុងកម្មវិធីប្រកួតផ្លូវការរបស់ខ្លួន ក៏ដូចជាការប្រកាសដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៧ នៅម៉ាឡេស៊ី កាលពីថ្មីៗ។ ទាំងអស់នេះ គឺជាគោលដៅសំខាន់របស់សហព័ន្ធ សម្រាប់ក្នុងអាណត្តិថ្មី ដែលត្រូវជំរុញការអភិវឌ្ឍ ដើម្បីសម្រួចគុណផលកីឡាឲ្យបានរួចរាល់ ត្រៀមចូលរួម និងស្វែងរកមេដាយជូនជាតិ ទាំងមេដាយស៊ីហ្គេម និងកម្រិតអាស៊ី។

សម្រាប់សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី២ នេះដែរ ក្រៅពីវត្តមានលោក វ៉ាត់ ចំរើន បន្ដធ្វើជាប្រធាន គឺមានលោក កៅ ហ្វុង និងលោក លីវ រ៉ូពីង ជាអនុប្រធាន និងលោក ម៉ក់ ចាន់ភិរុណ ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរង, អគ្គហេរញ្ញឹក, អគ្គហេរញ្ញឹករង និងសមាជិកសរុប ៩រូបផ្សេងទៀត៕