ព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌ប្រចាំឆ្នាំ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» នឹងអង្រួនបេះដូងមហាជនរយៈពេល ៣ ថ្ងៃពេញ នៅផ្លូវវេងស្រេង!
27-07-2026 19:17
(ភ្នំពេញ)៖ សំឡេងនៃប្រជាជាតិខ្មែរតែមួយ ស្មារតីតែមួយ សាមគ្គីភាពដ៏អស្ចារ្យបានបន្លឺឡើងសារជាថ្មី! ដើម្បីសម្តែងនូវគារវភក្តីភាព និងកាតព្វកិច្ចចំពោះ «វីរកងទ័ពជួរមុខ» ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី ព្រមទាំងរួមគ្នាកសាង «អនាគត និងស្នាមញញឹមកុមារកម្ពុជា» ក្រុមហ៊ុនយក្សធំៗចំនួនបីរួមមាន ផលិតកម្ម Galaxy Navatra, ក្រុមហ៊ុន Khmer Beverage និង ក្រុមហ៊ុន NANO Sound បានចាប់ដៃគ្នាយ៉ាងរឹងមាំ រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំសម្បើមប្រចាំឆ្នាំ ក្រោមប្រធានបទដ៏មានអត្ថន័យជ្រាលជ្រៅ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា»។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងបើកទ្វារទទួលស្វាគមន៍សាធារណជនយ៉ាងកុះកររយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ល្ងាចតទៅ នៅលើទីតាំងដីឡូត៍លេខ ៨៧៨ ភូមិត្រពាំងថ្លឹង ទល់មុខផ្សារទំនើបជីបម៉ុង ផ្លូវវេងស្រេង។ បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃការជួបជុំគ្នាម្ដងនេះ គឺដើម្បីកៀរគរថវិកាសប្បុរសធម៌ពីគ្រប់ទិសទី នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងបរិច្ចាគដោយផ្ទាល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ទស្សនិកជនដែលបានអញ្ជើញមកចូលរួម នឹងទទួលបាននូវបទពិសោធន៍កម្សាន្តដ៏សម្បូរបែប និងរំភើបញាប់ញ័រឥតល្ហែ។ សម្រាប់ថ្ងៃបើកឆាកដំបូង នាថ្ងៃទី១៤ ខែសីហា លោកអ្នកនឹងបានរំជួលចិត្តជាមួយទស្សនីយភាពសិល្បៈបុរាណ «ល្ខោនបាសាក់ ភី សុគន្ធា» ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ដូនតា។ បន្ទាប់មកនៅថ្ងៃទី ១៥ និង ១៦ ខែសីហា បរិយាកាសនឹងកាន់តែពុះកញ្ជ្រោល ជាមួយការប្រគំតន្ត្រីសម័យដ៏ផ្ទុះសំឡេងពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបប្រចាំ ផលិតកម្ម Galaxy Navatra។ ចំពោះបងប្អូនដែលមិនបានមកចូលរួមផ្ទាល់ ក៏អាចស្រូបយកបរិយាកាសដ៏អស្ចារ្យនេះបានតាមរយៈការផ្សាយបន្តផ្ទាល់យ៉ាងច្បាស់ត្រជាក់ភ្នែកលើប៉ុស្តិ៍ទូរទស្សន៍ឌីជីថល Galaxy TV 4K។
គណៈកម្មការរៀបចំកម្មវិធី សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាកសាងកម្លាំងសាមគ្គី បង្កើតស្នាមញញឹម និងចែករំលែកក្តីស្រឡាញ់ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា!៕






