តុលាការអាមេរិកសម្រេចបិទផ្លូវច្បាប់រដ្ឋតិចសាស់ ដែលបង្ខំបណ្តាញសង្គមឱ្យលុបមាតិកាគ្រោះថ្នាក់លើកុមារ

28-07-2026 09:24

(បរទេស)៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក បានសម្រេចរារាំងរដ្ឋតិចសាស់មិនឱ្យអនុវត្តផ្នែកសំខាន់នៃច្បាប់សុវត្ថិភាពអនឡាញសម្រាប់កុមារ (SCOPE Act) ដែលតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមធំៗដូចជា Google, Meta និង Amazon តាមដាន និងចម្រោះមាតិកាគ្រោះថ្នាក់ ដូចជាការធ្វើបាបខ្លួនឯង ការធ្វើអត្តឃាត និងការយាយីផ្សេងៗ។ តុលាការបានពន្យល់ថា តម្រូវការនេះបានរំលោភលើ «មាត្រា ២៣០» នៃច្បាប់សហព័ន្ធ ដែលផ្តល់កិច្ចការពារដល់ក្រុមហ៊ុនបច្ចេកវិទ្យាពីការទទួលខុសត្រូវរដ្ឋប្បវេណីចំពោះអ្វីដែលអ្នកប្រើប្រាស់បានបង្ហោះ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ទោះបីជាយ៉ាងណា ចៅក្រម Dana Douglas បានទទួលស្គាល់ថា មាត្រា ២៣០ នេះអាចប្រៀបដូចជា «កាតរួចផុតពីទោសកំហុស» (get-out-of-jail-free card) ដែលការពារឧស្សាហកម្មបច្ចេកវិទ្យាពី «ផលវិបាកស្ទើរតែទាំងអស់ លើកលែងតែផលវិបាកធ្ងន់ធ្ងរបំផុត» នៃរបៀបដែលផលិតផលរបស់ពួកគេដំណើរការ។ បើទោះជាមានការរារាំងលើផ្នែកចម្រោះមាតិកាក៏ដោយ តុលាការនៅតែរក្សាទុកនូវតម្រូវការផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ដែលមានចែងក្នុងច្បាប់រដ្ឋតិចសាស់ដដែល។

សេចក្តីសម្រេចនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យា ដោយលោក Matthew Schruers ប្រធានប្រតិបត្តិនៃសមាគម CCIA បានលើកឡើងថា សេចក្តីសម្រេចនេះ «បានបញ្ជាក់ថា ច្បាប់សហព័ន្ធរារាំងរដ្ឋតិចសាស់ មិនឱ្យបង្ខំគេហទំព័រ និងសេវាកម្មនានាឱ្យដើរតួជាអ្នកត្រួតពិនិត្យមាតិការបស់រដ្ឋនោះឡើយ»។ ចំណែកលោក Paul Taske មកពី NetChoice បានបន្ថែមថា នេះជា «ជ័យជម្នះសម្រាប់ប្រជាជនតិចសាស់គ្រប់រូប ដែលជឿជាក់ថា រដ្ឋាភិបាលគ្មានសិទ្ធិមកសម្រេចជំនួសពួកគេថា តើពួកគេអាចអាន មើល ឬនិយាយអ្វីខ្លះនៅលើអនឡាញនោះទេ»

ផ្ទុយទៅវិញ ចៅក្រម James Ho ដែលបានសម្តែងការមិនយល់ស្របមួយផ្នែក បានជឿជាក់ថាច្បាប់រដ្ឋតិចសាស់គួរតែត្រូវ បានអនុវត្ត ព្រោះវា «គ្រប់គ្រងលើការរៀបចំមាតិកា (curation) មិនមែនការបោះពុម្ពផ្សាយឡើយ — ពោលគឺវាជាការនិយាយរបស់ភាគីទីមួយ មិនមែនជាការនិយាយរបស់ភាគីទីបីនោះទេ»។ សេចក្តីសម្រេចនេះបានឆ្លុះបញ្ចាំងពីជម្លោះផ្លូវច្បាប់ដ៏ក្តៅគគុកដែលមិនទាន់មានទីបញ្ចប់ រវាងរដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សជុំវិញដែនកំណត់នៃកាតព្វកិច្ចគ្រប់គ្រងមាតិកាលើអ៊ីនធឺណិត៕