CEO ក្រុមហ៊ុន Microsoft ព្រមាន៖ «ក្រុមហ៊ុនដែលពឹងលើ AI តែមួយមុខ អាចនឹងមិនរស់ឡើយ!»
28-07-2026 10:37
(បរទេស)៖ លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានចេញសេចក្តីព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលដល់ពិភពអាជីវកម្មថា ក្រុមហ៊ុនទាំងឡាយណាដែលពឹងផ្អែកទាំងស្រុងលើ AI របស់ក្រុមហ៊ុនណាមួយ ដោយគ្មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឬគំរូ AI ផ្ទាល់ខ្លួន អាចនឹងមិនអាចបន្តរស់រាន ឬប្រកួតប្រជែង នៅក្នុងទីផ្សារបានឡើយនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TechCrunch នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
លោក Nadella បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា ការប្រគល់រាល់ទិន្នន័យ, ពាក្យបញ្ជា (Prompts) និងដំណើរការការងារទាំងអស់ទៅឱ្យក្រុមហ៊ុនផលិត AI (ដូចជា OpenAI ឬ Anthropic) គឺស្មើនឹងការ «ប្រគល់ខួរក្បាល និងការគិតរបស់ក្រុមហ៊ុនឱ្យទៅគេ»។ ប្រសិនបើក្រុមហ៊ុនប្រើប្រាស់ AI ដោយមិនបានរក្សាទុកនូវទិន្នន័យបន្ថែម (Metadata) ផ្ទាល់ខ្លួនទេ ពួកគេនឹងត្រូវពឹងផ្អែកលើ AI នោះជានិច្ច។ លោកបានណែនាំឱ្យក្រុមហ៊ុននីមួយៗរក្សាទុក Metadata ដើម្បីយកមកបង្វឹក AI ឬម៉ូដែលបើកចំហ (Open-weight models) របស់ខ្លួនឯងនៅថ្ងៃមុខ។ នៅពេលដែលក្រុមហ៊ុននានាប្រគល់ដំណើរការអាជីវកម្មផ្ទៃក្នុងទៅឱ្យប្រព័ន្ធ AI របស់ដៃគូខាងក្រៅ វាអាចបង្កើតជាហានិភ័យ ដែលក្រុមហ៊ុន AI ទាំងនោះអាចយកទិន្នន័យ និងចំណេះដឹងទាំងនោះទៅបង្កើតជាសេវាកម្មប្រកួតប្រជែងផ្ទាល់ជាមួយពួកគេវិញ។
លោក Nadella លើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ AI (ដូចជា AI Gateway) ដើម្បីបែងចែកពាក្យបញ្ជា និងទិន្នន័យចេញពីម៉ូដែល AI ដើម។ ការធ្វើបែបនេះជួយឱ្យអាជីវកម្មអាចផ្លាស់ប្តូរ ឬប្រើប្រាស់ AI ច្រើនប្រភេទ (Multi-model strategy) ទៅតាមចំណុចខ្លាំងរៀងៗខ្លួន និងមិនរងផលប៉ះពាល់ឡើយ ទោះបីជា AI ណាមួយត្រូវបានលុបបាត់ក៏ដោយ។ លោកបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍សរសេរកូដ AI (ដូចជា Claude Code ឬ ChatGPT Codex) ដោយឥតមានការគ្រប់គ្រង ព្រោះវាអាចធ្វើឱ្យក្រុមហ៊ុនបាត់បង់ម្ចាស់ការលើដំណើរការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន។
ទោះបីជា Microsoft ជាអ្នកវិនិយោគធំនៅក្នុងក្រុមហ៊ុន AI កំពូលៗដូចជា OpenAI និង Anthropic ក៏ដោយ ក៏លោក Nadella នៅតែសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ AI ដែលមានសុវត្ថិភាពបំផុតសម្រាប់អាជីវកម្ម គឺ «ការមិនដាក់ពងមាន់ទាំងអស់ក្នុងកន្ត្រកតែមួយ» ដោយត្រូវរក្សាទិន្នន័យ និងម្ចាស់ការលើ AI ផ្ទាល់ខ្លួនជាចាំបាច់៕







